ប្រទេសអារ៉ាប់រួម UAE នឹងបើកស្ថានទូតជាផ្លូវការនៅក្នុងទឹកដីអុីស្រាអែល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ការបើកស្ថានទូតបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
សារព័ត៌មាន The Times of Israel នៅថ្ងៃទី១២ ខែកក្កដាបានផ្សាយថា ប្រទេសអារ៉ាប់រួមនឹងបើកស្ថានទូតជាផ្លូវការនៅក្នុងប្រទេសអុីស្រាអែលនាថ្ងៃទី១៤ខែកក្កដា។ ពិធីបើកសម្ពោធស្ថានទូតដោយមានការចូលរួមពីប្រធានាធិបតី អុីស្រា
អែលលោក Isaac Herzog ។
កាលពីខែមិថុនាកន្លងមក អុីស្រាអែល ក៏បានបើកសម្ពោធស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមដែរ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid ។ តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអុីស្រាអែល នេះជាពេលវេលាប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរបង្កើនចំណងការទូតនឹងគ្នា ។ ទាំងនោះបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរបានសម្រេចជ្រើសរើសយកសន្តិភាព មិនមែនសង្គ្រាមនោះឡើយ។
នៅខែកញ្ញាឆ្នាំ២០២០ អតីតរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកត្រាំ បានខិតខំផ្សះផ្សាទំនាក់ទំនងរវាងអុីស្រាអែល និងប្រទេសអារ៉ាប់ ក្នុងនោះមានអារ៉ាប់រួមផងដែរ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការទូត ក្រោមអធិបតីភាពរបស់អតីតប្រធានាធិបតីត្រាំ ។
ក្រៅពីអារ៉ាប់រួម នៅមានប្រទេសស៊ូដង់ ម៉ារ៉ុក ក៏បានបង្កើតទំនាក់ទំនងជាមួយអុីស្រាអែលផងដែរ ៕ ដោយ៖សាធី
រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid (ឆ្វេង) ចូលរួមក្នុងព្រឹត្តិការណ៍បើកស្ថានទូតអុីស្រាអែលនៅឌូបៃប្រទេសអារ៉ាប់រួមកាលពីខែមិថុនា។ (រូបភាព៖ SPUTNIK)