លោករដ្ឋមន្ត្រី វេង សាខុន បន្តបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ដីពី “ការស្ដារដីរេចរឹល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការធ្វើកសិកម្មចម្រុះ”

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពី គម្រោង “ការស្ដារដីរេចរឹល និងធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការធ្វើកសិកម្មចម្រុះ” ជាគម្រោងដែលគ្រប់គ្រង និងអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃ ឈើ-សត្វព្រៃនៃរដ្ឋបាលព្រៃឈើ ក្រោមជំនួយថវិកាពីមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

១- គោលបំណង ៖
– លើកកម្ពស់ចំណេះដឹងរបស់អ្នកពាក់ព័ន្ធ លើការគ្រប់គ្រងតំបន់ត្រូពិក ការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាព និងការប្រែប្រួលអាកាសធាតុ
– កាត់បន្ថយការសឹករេចរឹលដីកសិកម្ម និងព្រៃឈើតាមរយៈការអភិវឌ្ឍន៍បច្ចេកទេសកសិកម្ម និងការស្តារព្រៃឈើឡើងវិញ
– ធ្វើការផ្លាស់ប្តូរ ឬចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗអំពីការប្រើប្រាស់ដីធ្លី និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ តាមរយ:ការធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម និងប្រទេសថៃ។

គម្រោងមានរយៈពេល ០២ឆ្នាំ (២០១៨-២០២០) ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងត្រូវបានពន្យាពេលអនុវត្តដល់ចុងឆ្នាំ២០២១។ រហូតមកទល់បច្ចុប្បន្ន គម្រោងបានចំណាយថវិកាអស់ចំនួន ៤៥១ ៦១៥ដុល្លារ ស្មើនឹង ៩០% នៃថវិកាសរុប ៥០០ ០០០ដុល្លារ ហើយលទ្ធផលសម្រេចបានស្នើ៩០% នៃផែនការដែលបានគ្រោងទុក។

២- លទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបានរួមមាន៖
– បានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ៥ វគ្គ មានសិក្ខាកាមចំនួន ១០៩នាក់ (ស្រ្តី ៤៥) ដើម្បីផ្ដល់ចំណេះដឹងដល់មន្រ្ដីគម្រោង និងអ្នកពាក់ព័ន្ធអំពីមូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ វិធី សាស្រ្ដបន្សាំទៅនឹងបញ្ហានេះ ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំ និងបន្លែ ការធ្វើកសិកម្មចម្រុះ ការចិញ្ចឹមសត្វ ការគ្រប់គ្រងដីប្រកបដោយនិរន្ដរភាព ការតាមដាន វាយតម្លៃព្រៃឈើ និងធនធានព្រៃឈើ
– បានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ៤វគ្គ មានសិក្ខាកាមចំនួន ១៤៤នាក់ (ស្រ្តី ៤០) នៅស្ថានីយស្រាវជ្រាវ និងស្ដារព្រៃឈើឃុនរាម ដើម្បីផ្ដល់ចំណេះដឹងដល់សមាជិកសហគមន៍ និងអ្នកពាក់ព័ន្ធលើការអនុវត្តកសិកម្មចម្រុះ ការចិញ្ចឹមត្រី មាន់ ទា ជ្រូក ការដាំដំណាំ ការធ្វើជីកំប៉ុស្ដិ៍ និងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដំណាំ
– បានរៀបចំសិក្ខាសាលាចំនួន ៣វគ្គ (២ នៅខេត្តសៀមរាប និង ១ នៅទីក្រុងដាណាងប្រទេសវៀតណាម) ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍អំពីការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងកសិកម្មចម្រុះ។ មានសិក្ខាកាមចូលរួមមកពីប្រទេសថៃ ឡាវ វៀតណាម ចិន និងមីយ៉ាន់ម៉ា ព្រមទាំងមន្រ្ដីក្រសួងពាក់ព័ន្ធ សិស្សនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសរុបចំនួន ១០៤នាក់ (ស្រ្ដី ៣០)។

៣- ការអនុវត្តកសិកម្មចម្រុះ និងកសិ-រុក្ខកម្ម ៖
គម្រោងបានជ្រើសរើសកសិករចំនួន ០៣គ្រួសារ សម្រាប់អនុវត្តគម្រោងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សកម្មភាពសំខាន់ៗរួមមានការរៀបចំប្លង់មេសម្រាប់អនុវត្តកសិកម្មចម្រុះ ការឈូយឆាយដីសម្រាប់ការដាំដំណាំ បន្លែ ការសង់រោងជី កំប៉ុស្ដិ៍ ការសង់រោងចិញ្ចឹមមាន់ ទា ការជីកស្រះទឹកចិញ្ចឹមត្រី ការជីកអណ្ដូងទឹក ការសាងសង់ឡជីវឧស្ម័ន និងការរៀបចំប្រព័ន្ធស្រោចស្រពដំណាំ។ ក្រៅពីនេះ គម្រោងបានរៀបចំឱ្យមានបណ្ដុំការលក់កសិផល ដោយធ្វើការផ្សាភ្ជាប់ទៅនឹងទីផ្សារតាមរយៈការជួលមធ្យោបាយដឹកជញ្ជូន និងជួលតូបសម្រាប់លក់កសិផលរបស់កសិករផងដែរ។ បន្ទាប់ពីអនុវត្តគម្រោង ចំណូលរបស់កសិករបានកើនឡើងគួរឲ្យកត់សម្គាល់ដូចជា៖

– ប្រាក់ចំណូលកើនពី ២៣% ទៅ ២៧% ពី ៧៨០ ០០០៛ ទៅ ៩៩០០០០៛
– បានកែប្រែទម្លាប់ដាំដុះដំឡូងមីនៅលើផ្ទៃដី ១ហត ដូចគ្នានៅឆ្នាំ២០១៨ កសិករលក់ដំឡូងមីបាន ៤៨០ ០០០៛ នៅឆ្នាំ២០២០ លក់បាន ២ ១៦០ ០០០៛ (កើនឡើង ៤ដង)
– ការដាំបន្លែសរីរាង្គកសិកររកចំណូលបានកើនឡើងពី ៣២០ ០០០៛ ទៅ ៣.៦៥០ ០០០៛ (កើនឡើង ១១ដង)
– ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីក៏បានចូលរួមចំណែកចំនួន ១,៧% នៃប្រាក់ចំណូលសរុប និងបានកាត់បន្ថយការទិញត្រីសាច់ពីផ្សារ
– កសិករអាចសន្សំពីការចំណាយលើម្ហូបអាហារបានយ៉ាងតិច ៦៧៥ ០០០៛/ឆ្នាំ។

៤- ការចងក្រងមេរៀង និងបទពិសោធន៍ ៖
គម្រោងបានសហការជាមួយមន្រ្ដីជំនាញពីមន្ទីរកសិកម្ម ទីប្រឹក្សាគម្រោង និងអ្នកជំនាញពីបណ្ដាអង្គការដៃគូ រៀបចំចងក្រងមេរៀន បទពិសោធន៍ល្អៗទុកជាឯកសារ មានជាអាទិ៍ ៖
– សៀវភៅបច្ចេកទេសចំនួន ០៤ក្បាល ស្មើនឹង ៤០០ច្បាប់
– Leaflets បច្ទេកទេសចំនួន ៣ប្រភេទ ស្មើនឹង ១៥០០ច្បាប់
– Poster បច្ចេកទេសចំនួន ៥ប្រភេទ ស្មើនឹង ៣០០០ច្បាប់
– Xstand បច្ចេកទេសសម្រាប់ដាក់តាំងពិពណ៌នានាចំនួន ០៦ប្រភេទ ស្មើនឹង ៩០ផ្ទាំង។

៥- ការកែលម្អស្ថានីយស្រាវជ្រាវ និងស្ដារព្រៃឈើឃុនរាម ៖
គម្រោងបានធ្វើការជួសជុលអាគារស្ថានីយ បំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសូឡា ប្រព័ន្ធចម្រោះទឹកស្អាត បន្ថែមតុ កៅអី និងរៀបចំផ្ទាំងផ្សព្វផ្សាយនៅតាមជញ្ជាំងក្នុងបរិវេណអាគារស្ថានីយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print