ពលរដ្ឋមានវ័យចំណាស់កើនឡើងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក

ចែករំលែក៖

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានឱ្យដឹងថា ចំនួនពលរដ្ឋវ័យចំណាស់បានកើនឡើងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចអាមេរិក។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ១២ខែកក្កដា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondoបានលើកឡើងថា ប្រសិនបើមិនមានសកម្មភាពទាន់ពេលវេលា សេដ្ឋកិច្ចអាមេរិក នឹងទទួលរងឥទ្ធិពលយ៉ាងខ្លាំង ហើយស្ត្រីក៏នឹងត្រូវវិលត្រឡប់មកធ្វើការវិញ ឬក៏បន្តការងារ។ កន្លងមក មានស្ត្រីរាប់លាននាក់បានឈប់ពីការងារដើម្បីមើលថែកូនចៅ ក្នុងពេលអាមេរិកឆ្លងរាលដាលកូវីដ -១៩កើនឡើង សាលារៀនត្រូវបិទទ្វារ ។ ដូច្នេះស្ត្រីជាម្តាយត្រូវផ្អាកពីការងារដើម្បីនៅផ្ទះមើលថែកូន។
លោកស្រី Gina Raimondo បន្តទៀតថា មានស្ត្រី១,៥លាននាក់នឹងមិនវិលត្រឡប់មកធ្វើការងារវិញឡើយ ក្រោយការឈប់សម្រាកពីការងារដើម្បីមើលថែកូន ដោយសារតែសាលារៀនបិទទ្វារ មិនអាចយកទៅផ្ញើនៅសាលារៀនបាន។ ក្រៅពីស្ត្រីនៅមើលថែកូនក៏នៅមានមនុស្សចាស់ផងដែរ។
តាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកជំនាញបានឱ្យដឹងថា ចំនួនពលរដ្ឋដែលកើនឡើងខ្ពស់ក្នុងសម័យក្រោយសង្គ្រាមលោកលើកទីពីរ ពេលនេះបានក្លាយទៅជាមនុស្សមានវ័យចំណាស់មិនអាចធ្វើការងារបាន ហើយត្រូវការអ្នកមើលថែ។ ទាំងនោះហើយបង្កឲ្យមានកង្វះអ្នកថែទាំយ៉ាងខ្លាំង។
តាមលទ្ធផលស្រាវជ្រាវបង្ហាញឱ្យឃើញថា មានពលរដ្ឋអាមេរិក ១៦៥% ក្នុងចំណោមពលរដ្ឋសរុប ៣២៨លាននាក់ ស្មើនឹង៥៤លាននាក់ គឺមានវ័យលើសពី៦៥ឆ្នាំឡើង ។ នៅក្នុងឆ្នាំ២០៣០ តួលេខខាងលើនឹងកើនឡើងដល់ទៅ ៧៤លាននាក់ ។ ចំណែកពលរដ្ឋដែលមានវ័យចាប់ពី៨៥ឆ្នាំឡើងទៅ ដែលត្រូវការការមើលថែជាចាំបាច់ នោះគឺកើនឡើងខ្ពស់ទៀត។
នៅពេលនេះដែរប្រធានាធិបតីបៃឌិន បានស្នើចំណាយមូលនិធិបន្ថែមសម្រាប់កម្មវិធី Medicaid សម្រាប់ជួយដល់ពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលទាប និងការមើលថែមនុស្សចាស់ ពិការភាព មានទឹកប្រាក់កើនឡើងដល់ទៅ ៤០០ពាន់លានដុល្លារ។
កូវីដ-១៩ វាយប្រហារអាមេរិកនាពេលកន្លងមករហូតមកដល់ពេលនេះ បានសម្លាប់ពលរដ្ឋជាង៦សែននាក់ ដោយភាគច្រើនគឺជាពលរដ្ឋមានវ័យចំណាស់ ៕ដោយ៖ធីរីណា

...

រូបថត៖AFP/TTXVN&Slate Magazine

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print