កម្ពុជា! ​នឹង​ប្រែក្លាយទៅជា​ប្រទេស​ផលិត​ស្បៀងអាហារ សម្រាប់​បម្រើ​ទៅកាន់ទីផ្សារ​ពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖ បើតាម​ការបញ្ជាក់​របស់លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ដោយសារ​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ និង​មាន​កម្លាំង​​បម្រើ ក្នុង​វិស័យ​កសិកម្មច្រើន ដូច្នេះ​កម្ពុជា​ នឹង​ប្រែក្លាយទៅជា​ប្រទេស ផលិត​ស្បៀងអាហារ សម្រាប់​បម្រើដល់ទី​ផ្សារ នៃ​ការនាំចេញ និង​កំពុង​ក្លាយជា​ប្រទេស ក្នុងការ​ផ្គត់ផ្គង់​កសិផល ដល់​ខ្សែសង្វាក់​ផលិតកម្ម​សកលផងដែរ​។

ចំពោះ​​ការបញ្ជាក់​បែបនេះរបស់​លោក ប៉ែន សុ​វិជាតិ បានថ្លែងប្រាប់នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ថា៖ យោងតាម​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​ ​នឹង​ប្រែក្លាយទៅជា​ប្រទេស​ផលិត​ស្បៀងអាហារ សម្រាប់​បម្រើ​ទៅកាន់ទីផ្សារ​ពិភពលោក នឹង​អាច​ប្រែក្លាយ ទៅជា​ប្រទេស​ធ្វើ​កសិកម្ម​ទំនើប ក្នុងនោះ ក្រសួង​ក៏បាន​ប្តេជ្ញាចិត្ត​ស្វែងរក ទីផ្សារ​ថ្មីៗ​ទៀត ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ផងដែរ​។ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជា​កំពុងមាន​លទ្ធភាព និង​មាន​មុខងារ យ៉ាងសំខាន់ លើ​ការបំពេញបន្ថែម នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម ដើម្បី​បម្រើ​ទីផ្សារ នៃ​ការនាំចេញ និង​កំពុង​ក្លាយជា​ប្រទេស នៅក្នុង​ការផ្គត់ផ្គង់​ក​សិ​ផល ដល់​ខ្សែសង្វាក់​ផលិតកម្ម​សកល​។

ដោយឡែក​​ទាក់ទិន​ទៅនឹងការនាំចេញ​កសិផល​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ការកែច្នៃ​ផលិតផល​ក្នុងស្រុក លោក​បាន​បន្ថែមថាៈ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទីផ្សារ​នាំចេញ​ផលិតផល ជាពិសេស​ទីផ្សារ​នាំចេញ កសិផល​របស់​កម្ពុជា បាន​ជ្រៀតចូល​អន្តរជាតិ​ជា​បណ្តើរៗ ជាក់ស្តែង ការនាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន គឺ​បាន​កំពុង​ពេញនិយម និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​។ ក្រៅពីនេះ ការនាំចេញ​ទៅកាន់​ទីផ្សា​រ​សហគមន៍​អឺរ៉ុប ទោះបី​មានការ​បង់ពន្ធ​ខ្លះៗ យ៉ាងណាក៏ដោយ គឺ​នៅ​បន្ត​ការនាំចេញ​ជាធម្មតា ចំណែក​សម្រាប់​ទីផ្សារ ទំនិញ​កសិផល​ផ្សេងៗ​ទៀត ប្រទេស​ចិន ក៏បាន​ទទួលស្គាល់ អំពី​បញ្ហា​អនាម័យ ភូតគាម​អនាម័យ ដូចជា ចំណិត​ដំឡូង​មី ចេក និង​ស្វាយ​ស្រស់ ជាដើម​។​

បេី​​តាម​ការប៉ាន់ស្មាន​តម្លៃ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល មាន​ចំនួន​ជាង ២.៥០០ លាន​ដុល្លារ អាម៉េរិក ក្នុងនោះ​ការនាំចេញ​អង្ករ មាន​ចំនួន​ជាង ២៣៧ លាន​ដុល្លារ​, ស្រូវ​ចំនួន ២៧៩ លាន​ដុល្លារ និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​។

គួរបញ្ជាក់ថា​ ​គិត​ត្រឹម​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល ពី​កម្ពុជា មាន​បរិមាណ​សរុប​ស​រុ​ប​ជាង ៤៤៥ លាន​តោន ទៅកាន់​ទិសដៅ ៦២ ប្រទេស កើនឡើង​ចំនួន​ជាង ២០០ លាន​តោន ស្មើនឹង​ប្រមាណ​ជាង ៨៤ ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០២០​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print