ភ្នំពេញ ៖ក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ៤នាក់ ប្រដាប់ដោយ ដាវ និងកាំបិត បានធ្វើសកម្មភាពដេញកាប់ បុរសម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ដេកក្នុងថ្លុកឈាម ស្ទើរស្លាប់ស្ទើររស់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ ទល់មុខនឹងវត្តសារវ័ន្តតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកក្រុមជនសង្ស័យ ក៏ពុំត្រូវបានស្គាល់ដូចគ្នា ព្រោះក្រោយការបង្កហេតុ ពួកគេបានរត់គេចចេញពីកន្លែងកើតហេតុអស់តែម្តង។
ប្រភពពត៍មានពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ មនុស្សមួយក្រុមមានគ្នា ប្រមាណ៤នាក់ ប្រដាប់ដោយដាវ និងកាំបិត បានរត់ដេញកាប់យុវជនម្នាក់ តាមផ្លូវលេខ១៩ រហូតដល់ចំណុចមុខវត្តសារវ័ន្តតេជោ ហើយជនរងគ្រោះបានរត់ឡើងទៅលើផ្ទះពលរដ្ឋមួយកន្លែង នៅទល់មុខវត្ត ដើម្បីគេចខ្លួនពីការតាមកាប់ ប៉ុន្តែក្រុមជនសង្ស័យបានរត់ឡើងទៅតាមដល់ជាន់ទី២ ហើយធ្វើសកម្មភាពកាប់ប្រហារ យ៉ាងសន្ធាប់ បណ្តាលរងធ្ងន់ធ្ងរស្ទើរសុះសាច់ ដេកសន្លប់ក្នុងថ្លុកឈាមគួរសង្វែក។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ នឹងបានទំនាក់ទំនង ទៅកាន់រថយន្តសាម៉ុយ ដើម្បីដឹកជនរងគ្រោះ យកទៅសង្គ្រោះ។ ចំណែកឯក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពកាប់ប្រហារនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមជំនាញក្នុងការតាមចាប់ខ្លួន យកមកផ្តន្ទាទោសនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ