ខេត្តឧត្ដរមានជ័យ៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ រួចមកគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន៤.៥៦៩ នាក់ ក្នុងនោះស្រីចំនួន ២.៣៤៧ នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយរួចរាល់ហេីយ។ ដោយឡែកប្រជាពលរដ្ឋដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឱ្យមានចំនួន ១១៦នាក់ ក្នុងនោះស្រី ៧៦នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។
ជាមួយគ្នានេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏សូមបញ្ជាក់ថា៖ សម្រាប់ជំហ៊ានទីមួយនៃការចាក់វ៉ាក់សាំងកូវីដ-១៩ មានបីក្រុង-ស្រុកគឺ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ដែលមានទីតាំងដូចខាងក្រោម៖
-ស្រុកអន្លង់វែង មានចំនួន៦ ទីតាំង៖ ១.វត្តជ័យទឹកជុំ (វត្តអន្លង់វែង), ២.វត្តជ័យរុក្ខារាម (វត្តថ្លាត),៣.វត្តទួលទ្រាសមានជ័យ(វត្តទួលទ្រាស), ៤.សាលាបឋមសិក្សាគោកសំព័រ, ៥.សាលាបឋមសិក្សាត្រពាំងប្រិយ៍, ៦.ត្តប្រាសាទមុន្នីសែនជ័យ។
-ស្រុកត្រពាំងប្រាសាទ មានចំនួន៨ ទីតាំង៖ ១.សាលាបឋមសិក្សាត្រពាំងប្រាសាទ, ២.អនុវិទ្យាល័យអូរក្រូច, ៣.សាលាបឋមសិក្សាដីក្រហម, ៤.សាលាបឋមសិក្សាស្រែល្អ, ៥.សាលាឃុំអូរស្វាយ, ៦.វត្តប្រាសាទសន្តិភាព (វត្តទំនប់ដាច់), ៧.សាលាបឋមសិក្សាពពេល, ៨.សាលាបឋមសិក្សាអភិវឌ្ឍន៍។
-ក្រុងសំរោង មានចំនួន ៨ ទីតាំង៖ ១.ក្នុងបរិវេណសាលាក្រុងសំរោង, ២.វត្តប្រាសាទរាជាសំរោង, ៣.វត្តជម្ពូវ័ន្តចូកគ្រួស, ៤.វត្តព្រឹក្សារាមខ្ទុំ, ៥.វត្តពុទ្ធារាមគុជសារមានរិទ្ធិ (វត្តគោកភ្លុក), ៦.វត្តគិរីមង្គល, ៧. វត្តជ័យមង្គលស្បូវ, ៨.វត្តប្រិយ៍មង្គលារាម (វត្តបន្សាយរាក់)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាប និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមទីតាំង និងកាលបរិច្ឆេទ ដែលបានកំណត់ខាងលើ ដោយសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ/លិខិត ឆ្លងដែន ឬសំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬលិខិតស្នាក់នៅ ឬសៀវភៅគ្រួសារ ឬ បណ្ណការងារមកជាមួយកុំបីខាន។
ទន្ទឹមនឹងនេះ ការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានរៀបចំ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យនាពេលនេះ៕ដោយ៖សហការី