ភ្នំពេញ៖ ម្ចាស់យានដ្ឋានយីហោ PVC លក់គ្រឿងបន្លាស់រថយន្ត ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ដោយលោកបញ្ជាក់ថែមទៀតថា ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ សមត្ថកិច្ចកំពុងបំពេញនីតិវិធី ខណៈដែលរូបលោកកំពុងមានភារកិច្ចប្រជុំ ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ យុវជនម្នាក់បានឡើងទៅលើដំបូលយានដ្ឋានរបស់បុរសជាម្ចាស់ទីតាំងខាងលើ មុនដំបូង សមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីបែកថ្នាំ បានជារូបគេព្យាយាមឈរនៅលើដំបូលដ៏ខ្ពស់មិនព្រមចុះមកវិញ ដូច្នេះសមត្ថកិច្ច រួមទាំងអាជ្ញាធរផងដែរ បានប្រើវិធីលួងលោម និងទិញនំប័ុងឲ្យទៅយុវជននោះ ដើម្បីឲ្យគេសម្រេចចិត្តចុះមកវិញ ចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ប៉ុន្តែក្រោយឃើញសកម្មភាពរបស់យុវជនរូបនេះ នៅលើដំបូលយានដ្ឋាន ម្ចាស់ទីតាំងហាក់ដូចជាមានចរិតច្រឡោត ស្អប់ខ្ពើមទៅលើយុវជនខាងលើ រួចហើយក៏បង្ខំចិត្តឡើងទៅលើដំបូលអគាររបស់ខ្លួនជាមួយនឹងដៃកាន់ដំបងដ៏ធំ សំដៅទៅវាយយុវជនទម្លាក់ក្នុងចេតនាប៉ុនប៉ងឃាតកម្ម ក្នុងបទល្មើសជាក់ស្តែង ដែលមានមហាជនច្រើននាក់ ហើយសមត្ថកិច្ចនៅចំពោះមុខ។ ដោយឃើញសកម្មភាពសាហាវយង់ឃ្នងពីម្ចាស់យានដ្ឋាន PVC ក្នុងបទល្មើសឃាតកម្ម សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បើទោះជាជនរងគ្រោះ សង្ស័យថា គាត់ញៀន ឬបែកថ្នាំ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ និងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ត្រូវរកវិធីគ្រប់មធ្យោបាយអង្វរក ដើម្បីឲ្យរូបគេ ចុះមកវិញតាមសម្រួល ចៀសវាងករណីគ្រោះថ្នាក់ ព្រោះរូបភាពទាំងនេះ ការពារសុវត្ថិភាពដល់ការគ្រោះថ្នាក់សម្រាប់ជនរងគ្រោះ ប៉ុន្តែខណៈសមត្ថកិច្ចកំពុងប្រើវិធីលួងលោមអង្វរក ជនរងគ្រោះ បែរជាម្ចាស់យានដ្ឋានឡើងទៅលើដំបូលយកដំបងដ៏ធំ វាយពេញទំហឹង ទម្លាក់ជនរងគ្រោះក្នុងកម្ពស់ជាច្រើនម៉ែត្រ បណ្តាលឲ្យគ្រោះថ្នាក់បាក់ជើងដ៏ធ្ងន់ ។ ករណីនេះ សមត្ថកិច្ចត្រូវតែកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តទៅតាមនីតិវិធី ។
ប្រជាពលរដ្ឋនៅទីនោះនិយាយថា ម្ចាស់យានដ្ឋាន PVC មើលទៅដូចជាបង្ហាញនូវរូបភាពសាហាវបំផុត ក្នុងសកម្មភាពវាយជនរងគ្រោះទម្លាក់ពីលើទីតាំងរបស់ខ្លួន ជាមួយនឹងសំឡេងស្រែកពីមហាជននៅជិតនោះ យ៉ាងភ្លាត់សំឡេង អង្វរកុំឲ្យម្ចាស់យានដ្ឋានប្រើអំពើហិង្សាលើជនរងគ្រោះ តែម្ចាស់ទីតាំងនេះ នៅតែមានចេតនាក្នុងអំពើឃាតកម្ម សម្លាប់ទៅលើជនរងគ្រោះ តែដោយការគេចពីដំបង បណ្តាលឲ្យធ្លាក់ពីលើអគាររបួសធ្ងន់ ក៏ត្រូវសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
https://www.facebook.com/nkdnews/videos/535416903284715/
ដោយ៖ សុខ ខេមរា