ក្រុមពន្លត់អគ្គិភ័យជាង​ ១៤ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ​និងករណីភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក កាន់តែខ្លាំងឡើង!

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ អណ្តាតភ្លើងបានឆាបឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក​ ហេីយ​ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងនេះ ស្របពេលមានការព្យាករណ៍ថា ស្ថានភាពភ្លើងឆេះព្រៃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយបន្ថែមថា​ ភ្លើងឆេះព្រៃឈ្មោះ ប៊ូតលែក (Bootleg Fire) ក្នុងតំបន់ ក្លាម៉ាត់ (Klamath) នៃរដ្ឋ អូរ៉េហ្គន (Oregon) គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា។

ជាមួយគ្នានេះ​ អាជ្ញាធរ​ បានព្រមានថា ភ្លើងឆេះព្រៃ Bootleg Fire នឹងបន្តឆេះរាលដាលកាន់តែខ្លាំង ក៏ដូចជានឹងបង្កឱ្យអាកាសធាតុឡើងក្ដៅ នៅប៉ុន្មានថ្ងៃខាងមុខផងដែរ។

ចំណែក​នៅឯតំបន់ភាគខាងជើងកាលីហ្វ័រញ៉ា (Northern California) ភ្លើងឆេះព្រៃឈ្មោះ ប៊ែកវើស (Beckwourth) គឺជាភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយវាបានបំផ្លាញព្រៃឈើ លើផ្ទៃដីជាង ៣៨៥គីឡូម៉ែត្រក្រឡា ហើយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានជាង ៧១% ហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺរលកម្ដៅបង្កឡើងដោយភ្លើងឆេះព្រៃ Beckwourth បានហក់ឡើងដល់ ៤០អង្សាសេឯណោះ។

គួររម្លឹកផងដែរថា ភ្លើងឆេះព្រៃឈ្មោះ ខេមភ៍ (Camp Fire) កាលពីឆ្នាំ២០១៨កន្លងទៅ​ ក៏បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨៥នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ដោយ​ឡែកជុំវិញបញ្ហានេះដែរ​ កាលពីពេលថ្មីៗនេះ​ ​រដ្ឋបាលលោក ចូ បៃដិន ក៏បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រ ដើម្បីទប់ទល់ភ្លើងឆេះព្រៃនៅតាមបណ្តារដ្ឋ ជាប់មហាសមុទ្រប៉ាស៊ីហ្វិករួចហើយដែរ ដោយលោកប្រធានាធិបតីអាមេរិករូបនេះបានព្រមានថា ភ្លើងឆេះព្រៃក្នុងឆ្នាំនេះ អាចនឹងអាក្រក់ជាងឆ្នាំមុនៗ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print