ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតាហៅ តាតា បានបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ លេចមុខជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ថ្មីៗនេះបែជាបានធ្វើឲ្យអ្នកគាំទ្រនាងនឹកឆ្ងល់ចម្លែកក្នុងចិត្តនិងបារម្ភទៅវិញ។ បារម្ភព្រោះតែនាងបានបញ្ចេញរូបថតប្លែកៗមួយចំនួន ខុសពីអ្នកលេងបណ្តាញសង្គមដទៃ។
រូបថត និងវីដេអូ បែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមជាច្រើននោះ។ គេសង្កេតឃើញថាទាំងសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភ័ក្ដិ និងអ្នកគាំទ្រ។ ប៉ុន្តែប្រសិនបើគេងាកមកមើលពីរូបថតដែលត្រូវបានអតីតារាចម្រៀងតាតា បានបង្ហោះភាគច្រើនសុទ្ធជារូបដែលត្រូវបានកាត់តដាក់បញ្ចូលមុខពីលើរូបភាពតុក្កតា ឬតារាបរទេសទៅវិញ រហូតមានរូបខ្លះអាចនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងទឹកមុខបែបកាច ភ្នែកធំៗរបស់នាង ហើយក៏មានរូបភាពខ្លះបានបង្ហាញថានាងនៅតែមានរូបសម្រស់ស្រស់សោភាដដែលបើទោះបីជាវ័យច្រើនជាងមុនក៏ដោយ។ រូបថតទាំងនេះរហូតមានការដាក់ចេញជាសំណួរថាតើហេតុអ្វីនាងចូលចិត្តបញ្ចេញរូបភាពបែបនេះទៅវិញ ហើយអ្នកគាំទ្រនាងពិតជាបារម្ភពីសុខទុក្ខ និងចង់ដឹងអំពីស្ថានភាពជីវិតរស់នៅរបស់នាងក្រោយពីបាត់មុខពីសិល្បៈទាំងអាថ៌កំបាំងជាយូរមកហើយនោះ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអតីតតារាស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែគេចាំបានថា តាតា ធ្លាប់ល្បីឈ្មោះខ្លាំងក្នុងនាមជាតារាចម្រៀងយុវវ័យ ពិសេសក្នុងគ្រាដែលនាងច្រៀងក្នុងផលិតកម្មU2 ហើយក៏បានដកខ្លួនចេញពីវិស័យសិល្បៈទាំងស្ងប់ស្ងាត់ ហើយនាងកម្របង្ហាញមុខក្នុងកម្មវិធីអ្នកសិល្បៈផ្សេងៗណាស់ គឺមានតែកម្មវិធីមង្គលការលោក កង ពិសិដ្ឋ កាលពីអំឡុងឆ្នាំ២០១៧ម្តងប៉ុណ្ណោះ រហូតមានការលើកឡើងថានាងអាចនឹងមានស្វាមីដែលមិនចង់ឲ្យបន្តប្រឡូកក្នុងអាជីពសិល្បៈនោះ។
គួបញ្ជាក់ដែរថា តាតា មានឈ្មោះពិតថា រ៉េត ធីតា ដែលជាជាកូនស្រីបង្កើតរបស់លោក អ៊ុក ស៊ីណារ៉េត ជាតន្ត្រីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា និងអ្នកស្រី សៀង វ៉ាន់ធី ជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះម្នាក់។ នាងមានបងប្រុសដែលជាតន្ត្រីករ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះគឺលោក រ៉េត ធីដូណានោះ។ នាងធ្លាប់សាងឈ្មោះល្បីល្បាញកាលពីជាង១០ឆ្នាំមុនជាមួយនឹងបទចម្រៀងល្បីៗជាច្រើនមានដូចជាបទនៅផលិតកម្មសាន់ដេ និងផលិតកម្មU2 ដូចជាបទ”ដើរវ៉ៃ” “កង្កែបចម្កួត” “Baby One More Time” ជាដើម៕ ដោយ៖ វឌ្ឍនា