ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បេីកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនជ្រុលបុករះម៉ូតូ រុឺម៉ក រថយន្ត សរុប៥គ្រឿង រួចរថយន្តបង្កបន្តល្បឿនបើករត់គេចខ្លួន ជ្រុលទៅបុកគំរបលូទៅមុនលែងរួច ហេីយម្ចាស់ក៏ចុះពីលើរថយន្តរត់គេចខ្លួនចូលក្នុងផ្សារ TK បាត់តែម្ត ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅ ផ្លូវ២៨៣ កែង ផ្លូវ៥២៨ ក្នុងសង្កាត់បឹកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្ត មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-6465 បេីកបរចេញពីក្នុងបឹងកក់ តាមបណ្តោយផ្លូវ២៨៣ កែងផ្លូវ៥២៨ ក្នុងល្បឿនលឿនជ្រុលទៅបុករះម៉ូតូ រុឺម៉ក និង រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសបែកក្បាល ហេីយរថយន្តបង្ក បានបេីករត់គេចរហូតដល់ត្រង់ចំណុចស្តុបរតនៈស្រីម៉ៅ ក៏បានបុកជាមួយម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យស្រីម្នាក់រងរបួសបាក់ជេីងខាងស្តាំ រួចរថយន្តក៏បានបន្តបេីករត់គេចថែមទៀត រហូតមកដល់ចំណុចមុខផ្សារ TK ក៏បានទៅបុកនឹងគំរបលូ និង រថយន្តមួយគ្រឿងទៀត ទៅមុខលែងរួច ហេីយបេីកទ្វារថយន្តរត់គេចខ្លួនចូលទៅក្នុងផ្សារបាត់តែម្តង។
ក្រោយកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន រួម កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូ រុឺម៉ក រថយន្ត ទៅរក្សាទុកនៅការិយាល័យនគរបាលចរចរាណ៍ជេីងគោក ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯ ជនបង្កសមត្ថកិច្ចកំពុងសហការជាមួយសន្តិសុខផ្សារ ដេីម្បីឃាត់ខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ រ៉ារ៉ា