អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ មានចំនួន ៩,៦៩២កណីបន្ថែមទៀត, ខណៈអ្នកជំងឺកូវីដចំនួន ៦៧នាក់ទៀតបានស្លាប់។
បើតាម CCSA បានបញ្ជាក់បន្ថែមថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩,០៧៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ៦១៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
បន្ថែមពីនេះ CCSA បន្តទៀតថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ និងអ្នកជំងឺស្លាប់នោះ អាជ្ញាធរថៃ បានប្រកាសអំពីអ្នកជាសះស្បើយចំនួន ៥,៧៣០នាក់ ទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដានេះ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៨១,៩០៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,០៩៩នាក់ និងអ្នកជាសះស្បើយ ២៧១,៨៥៧នាក់៕ដោយ៖ស តារា
រូបថត៖AP