ខេត្តកំពត៖ សត្វខ្លាពពកមួយក្បាល ត្រូវបានលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមន្ត្រីក្រោមឱវាទ ជួយសង្គ្រោះដោយទិញពីព្រានព្រៃ រួចយកទៅប្រលែងចូលក្នុងព្រៃវិញ។
បេីតាមការបញ្ជាក់ពីលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីលោកទទួលបានដំណឹងអំពីការដាក់អន្ទាក់របស់ពលរដ្ឋស្ថិតនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ដាក់ជាប់សត្វខ្លាពពកមួយក្បាល និងយោងតាមប្រសាសន៍ណែនាំរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោក និងមន្ត្រីក្រោមឱវាទ សម្រេចចុះទៅដល់ទីតាំងខាងលេីនេះ ដើម្បីទិញសត្វកម្រនេះយកទៅលែងចូលក្នុងព្រៃវិញ។
លោកស្នងការខេត្ត ថ្លែងបន្តថា ព្រោះតែស្ថានភាពសត្វខ្លា កំពុងមានរបួសដោយសារខ្សែអន្ទាក់ ដូច្នេះលោក ត្រូវប្រើពេលវេលា ដើម្បីព្យាបាលសិន។ នៅពេលសុខភាព បានល្អប្រសើរឡើងវិញ លោកនឹងនាំយកទៅលែង នៅក្នុងព្រៃ ទីដែលមានសុវត្ថិភាព សម្រាប់សត្វ ដែលកំពុងប្រឈម នឹងការជិតផុតពូជនេះ។
គួរជម្រាបថា សត្វខ្លាពពក ជាប្រភេទសត្វប្រឈមនឹងការជិតផុតពូជ នៅលើពិភពលោក ដែលត្រូវបានចុះ ក្នុងបញ្ជីក្រហម អាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ពន្ធសាយតេស ដែលជាប្រភេទសត្វ ងាយទទួលរង នូវការគំរាមកំហែង ដោយសារការបរបាញ់ ក៏ដូចជា ការខ្វះជម្រកជាដើម។
គួរបញ្ជាក់ថា សត្វប្រភេទនេះ កំពុងឈានទៅរកការបាត់បង់ ដោយមកដល់បច្ចុប្បន្ន ត្រូវបានផុតពូជ នៅប្រទេសបង់ក្លាដេស សឹង្ហបូរី និងតៃវ៉ាន់។ ខណៈដែលនៅក្នុងប្រទេសកម្ពុជា សត្វខ្លាពពកនេះ កំពុងតែមានវត្តមាន នៅភូមិភាគឦសាន និរតី និងភាគខាងជើង៕ដោយ៖សហការី