អតីតប្រធានាធិបតីអាមេរិក លោក ប៊ូសបានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលអាមេរិក ប្រញាប់ដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ លោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះបុគ្គលិកជនជាតិអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការជាអ្នកបកប្រែភាសាឲ្យទាហានអាមេរិក។
អតីតប្រធានាធិបតីប៊ូសបារម្ភថា ជីវិតអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានឲ្យទាហានអាមេរិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយអាមេរិកដកទាហានចេញ។ ក្រុមតាលីបង់នឹងមិនលើកលែងដល់អ្នកទាំងនោះឡើយ។
ក្រោយការប្រកាសខាងលើរបស់អតីតប្រធានាធិបតីអាមេរិក ដែលជាអ្នកចាប់ផ្តើមធ្វើសង្គ្រាមវាយប្រហារនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននោះ ពេលនេះអ្នកបកប្រែ និងបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ប្រមាណជាង២ម៉ឺននាក់បានស្នើសុំសិទ្ធិភៀសខ្លួនទៅជ្រកកោននៅក្នុងទឹកដីអាមេរិកផងដែរ។
សារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ បានផ្សាយថា ជនជាតិអាហ្វហ្គានីស្ថាន២០,០០០នាក់ ដែលធ្លាប់បម្រើការជាអ្នកបកប្រែឱ្យកងទ័ពអាមេរិកក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថានកំពុងព្រួយបារម្ភពីការសងសឹក ពីសំណាក់ក្រុមតាលីបង់នោះ បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃទី១៦ខែកក្កដា (ពេលវេលាអាមេរិក) អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាផងដែរលើការដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនដល់ក្រុមគ្រួសារជាច្រើននាក់ទៀតរបស់អតីតអ្នកបកប្រែឱ្យកងទ័ពអាមេរិក។ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា មានប៉ុន្មានគ្រួសារដែលបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកនោះទេ ខណៈមានការប៉ាន់ស្មានជាច្រើនថា ជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់អាចដាក់ពាក្យសុំសិទ្ធិជ្រកកោន គឺមានរហូតដល់ជាង ១០០,០០០នាក់ឯណោះ៕ដោយ៖ធីរីណា