ភ្នំពេញ៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា នឹងត្រូវចំណាយពេល២សប្តាហ៍ដើម្បីធ្វើចត្តាឡីស័កក្រោយពីវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ នាងក៏នឹងបង្ហាញមុខជាសាធារណៈក្នុងពេលដ៏ខ្លីខាងមុខនេះក្នុងកម្មវិធីសិល្បៈមួយចំនួន។
កញ្ញាឯករូបនេះបានចំណាយពេល ជិត៣ខែ ដើម្បីបំពេញបេសកកម្មដើម្បីមុខមាត់ជាតិ និងលើការងារផ្ទាល់ខ្លួនមួយចំនួននៅលើឆាកអន្តរជាតិគឺកម្មវិធីប្រកួតសម្រស់ធំបំផុតរបស់ពិភពលោកលើកទី៦៩នេះ។ ពេលនេះ នាងបានវិលមកដល់កម្ពុជាវិញហើយ។ ដំណើរមាតុភូមិនិវត្តន៍របស់នាងគឺបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដានេះ ក៏ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កនីក្នុងសណ្ឋាគារមួយនារាជធានីភ្នំពេញរយៈពេល១៤ថ្ងៃមុនពេលដែលនាងអាចទៅជួបជុំក្រុមគ្រួសារសាច់ញាតិ និងទទួលកម្មវិធីនានាឡើងវិញបាន។
គេចាំបានថា កន្លងមកតាមការអះអាង
របស់អ្នកគ្រប់គ្រងការផលិតកម្មវិធីកញ្ញ្ញាឯកចក្រវាឡកម្ពុជាបានលើកឡើងថា រ៉េត សារីតាត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១ ពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលពលរដ្ឋខ្មែររស់នៅរដ្ឋ Florida រៀបចំជូននោះ។ មូលហេតុនៅពីក្រោយការពន្យារពេលមកកាន់ប្រទេសកម្ពុជានេះគឺក្រោយពីនាងត្រូវរង់ចាំប្អូនប្រុសពៅដែលកំពុងសិក្សានៅទីនោះបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលប្អូនប្រុសពៅរបស់នាងមានឈ្មោះChristoកំពុងរស់នៅក្នុង សហរដ្ឋអាមេរិកនោះតែម្តង។ កម្មវិធីជប់លៀងរបស់ពលរដ្ឋខ្មែរនៅរដ្ឋ Road Iland ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១ក៏ត្រូវបានរៀបចំដោយការស្វាគមន៍វត្តមានរបស់នាងផងដែរ។ អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងគឺនាងបានបង្ហាញមុខគូស្នេហ៍ជនជាតិបរទេសម្នាក់ដោយការរួមដំណើរកម្សាន្តជាមួយនាងស្ទើរគ្រប់ទីកន្លែងនៅទីនោះរហូតធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីចុងខែមេសាឆ្នាំ២០២១មកគឺចាប់តាំងពីរ៉េត សារីតាបានជាន់ទឹកដីសហរដ្ឋអាមេរិកភ្លាមគឺនាងទទួលបានការរៀបចំកម្មវិធីស្វាគមន៍ពីសំណាក់ប្រជាជនខ្មែររស់នៅទីនោះយ៉ាងច្រើនកុះករ និងខុសពីឆ្នាំកន្លងទៅ។ នាងបានក្លាយជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់កម្ពុជា ហើយបើទោះបីជានាងមិនទទួលបានលទ្ធផលចំណាត់ថ្នាក់ណាមួយមែន ប៉ុន្តែនាងបានបង្ហញពីសកម្មភាព និងភាពស្មើមុខមាត់ អមទៅដោយសមត្ថភាពរូបសម្រស់ដ៏ចាប់អារម្មណ៍ផងដែរ។ នាងក៏បានធ្វើឲ្យទស្សនិកជនកាន់តែច្រើនងាកមកចាប់អារម្មណ៍នឹងវិស័យសិក្សា និងវិស័យកញ្ញាឯកផងដែរ៕