ភ្នំពេញ, រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច
ស្តីពី ការបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ !
សម្រេច : ប្រការ១ ….បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានរចនាសម្ព័ន្ធ និង សមាសភាព ដូចតទៅ៖
-ក្រុមប្រឹក្សានាយក មានសមាសភាពដូចខាងក្រោម៖
១- លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធាន មានអនុប្រធាន១រូប និងសមាជិក២រូប។
បការ២ …ក្រុមការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ មានផ្នែកគាំទ្រលើការសិក្សា និងវាយតម្លៃ លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖ មានសមាសភាពជាក់ស្តែងរបស់ផ្នែកទាំង ៤ ខាងលើនេះ ត្រូវកំណត់ដោយសេចក្ដីសម្រេចដោយឡែករបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ប្រការ៣ …ក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ មានភារកិច្ចដូចតទៅ៖
– ផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩ ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩
-ពិនិត្យផ្តល់ប្រឹក្សា និងអនុម័តលើរបាយការណ៍នៃការសិក្សា និងវាយតម្លៃ។
– បង្កើតពិធីសារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វាក់សាំងកូវីដ-១៩ រួមមានរៀបចំវិធីសាស្ត្រ . ឧបករណ៍ប្រមូល-វិភាគទិន្នន័យសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដឹកនាំ និងសម្របសម្រួលការងារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩
– វិភាគ និងរៀបចំរបាយការណ៍សិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សានាយក។
ក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, មន្ត្រីជំនាញ, អ្នកឯកទេស ឬផ្នែកឯកជនចូល រួមប្រជុំ និងប្រឹក្សាយោបល់ទៅតាមតម្រូវការចាំបាច់។
ប្រការ៤ …រាល់ចំណាយពាក់ព័ន្ធការសិក្សា ការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើ ដាក់ជូនប្រធានគណៈប្រចាំការនៃគ.ប.ក.ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។
ប្រការ៥ …អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមប្រឹក្សានាយក ព្រមទាំងប្រធាន អនុប្រធាន និងសមាជិកនៃក្រុម ការងារប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវចូលរួមប្រជុំក្រុមការងារដឹកនាំនិងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានាយក។ ក្នុងករណី ប្រធានក្រុមប្រឹក្សា នាយកអវត្តមាន ឬមានធុរៈ អនុប្រធានក្រុមប្រឹក្សានាយកដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និង ដឹកនាំកិច្ចប្រជុំជំនួសបាន។
ប្រការ៦ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។
ប្រការ៧…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័ន ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕