កម្ពុជា! សត្វ​​ពស់​ចំនួន​ ២៩ប្រភេទ​ កំពុងតែ​រងគ្រោះ​ព្រោះ​ជា​ចំណី​របស់​មនុស្ស ឱសថ​បុរាណ ស្បែក និង ជា​សត្វ​ចិញ្ចឹម

ចែករំលែក៖

ភ្នំពេញ៖​ បើ​យោង​តាមការអះអាងពីមជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ ដែលជា​អង្គការ​ការពារ​សត្វព្រៃ​និង​ជីវចម្រុះ មួយ​នៅ​កម្ពុជា​ បានឱ្យដឹងថា​ នៅ​កម្ពុជា គេ​ដឹងថា សត្វ​ពស់​មាន​ប្រមាណ​ជា ២៩ប្រភេទ ប៉ុន្តែ​វា​ជាស​ត្វ​ដែល​កំពុងតែ​រងគ្រោះ​ព្រោះ​ជា​ចំណី​របស់​មនុស្ស ឱសថ​បុរាណ ស្បែក និង ជា​សត្វ​ចិញ្ចឹម ។

អង្គការ​ការពារ​សត្វព្រៃ​និង​ជីវចម្រុះ បាន​អះអាងបន្ថែមថា៖ នៅ​ជុំវិញ​ពិភពលោក​មាន​សត្វ​ពស់​ប្រមាណ ៣.៩០០​ប្រភេទ រស់​នៅតាម​ជម្រក​នានា ទាំង​នៅក្នុង​ទឹក និង​នៅលើ​គោក​។ ប៉ុន្តែ​ពស់​ប្រហែលជា ៦០០​ប្រភេទ​ប៉ុណ្ណោះ​ដែលមាន​ពិស ក្នុងចំណោម​ពួកវា​មាន ២០០​ប្រភេទ​ដែល​អាចធ្វើ ឲ្យ​មនុស្ស​យើង​ស្លាប់​បាន​។

​ប្រភព​ដដែល​​បន្តថា នៅ​ប្រទេស​កម្ពុជា​យើង​មាន​ពស់​ចំនួន ២៩​ប្រភេទ ប៉ុន្តែ​មាន ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​ទោ​ហនកម្ម​សត្វព្រៃ​។ ពស់​ប្រមាណ ៦.៩​លាន​ក្បាល​ត្រូវបាន​គេ​ចាប់​ជា​រៀងរាល់ឆ្នាំ ភាគច្រើន​គឺ​ប្រភេទ​ពស់​ដែល រស់នៅក្នុង​ទឹក ដើម្បី​ធ្វើជា​ចំណី​ក្រពើ​ចិញ្ចឹម ដែល​គេ​ចិញ្ចឹម​ដើម្បី​យក​សាច់ និង​ស្បែក​ធ្វើ​ឧស្សាហកម្ម​។ ពស់ថ្លាន់​ក៏​ងាយស្រួល​ចាប់​ដែរ​ហើយ​ត្រូវបាន​គេ​ឲ្យ ថ្លៃ​ខ្ពស់​សម្រាប់​ការប្រើប្រាស់​ជា​ឱសថ​បុរាណ ជា​អារ​ហារ យក​ស្បែក និង​ការជួញដូរ ធ្វើជា​សត្វ​ចិញ្ចឹម​។

អង្គការ​មួយ​នេះ​ បានឱ្យដឹងទៀតថា​ ការផលិត​ស្រា​ត្រាំ​ពស់​នៅតាម​តំបន់​មួយចំនួន​នៃ ប្រទេស​កម្ពុជា ត្រូវបាន​គេ​អនុវត្តិ​ធ្វើ ដោយ​ភាគច្រើន​គេ​យក​ប្រភេទ​ពស់មានពិស មក​ផលិត ជាពិសេស​គឺ​ពស់វែករនាម​។

​ជាមួយគ្នានេះ​ ភ្ញៀវទេសចរ​ត្រូវបាន​គេ​ណែនាំ​មិន​ឲ្យ​ចូលរួម​គាំទ្រ​ដល់​ការជួញដូរ​ទាំងនេះ ហើយ​ចៀសវាង​ការទិញ​រាល់​ផលិតផល​ធ្វី​ពី​សំណាក​សត្វ​ពស់ ដោយសារ​ការធ្វើ បែបនេះ​បីដូច​ជា​ជំរុញ​ឲ្យ​មាន​តម្រូវ​ការផលិត​កាន់តែ​ច្រើនឡើង​។

​សូមជម្រាបថា​ សត្វពស់​ ក៏ត្រូវ​ការ​ការជួយ​សង្រ្គោះ​រប​ស់​យើងទាំងអស់គ្នា​ផងដែរ ដោយ​ពួកវា​មិនអាច​ចៀស ផុតពី​ការរង​គ្រោះ​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​បានឡើយ​។ ការប្រែប្រួល​អាកាសធាតុ ការបាត់បង់​ទីជម្រក ប្រភេទ​រាតត្បាត ការប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​និង​ទោ​ហនកម្ម សត្វព្រៃ គឺជា​ការគំរាមកំហែង​ដល់​ប្រភេទ​ពស់​ជាច្រើន​។​

​គួរបញ្ជាក់ថា​ សត្វ​ពស់​ប្រហែលជា​៦២% ដែល​អង្គការ IUCN មិនទាន់បាន​វាយតម្លៃ​ហើយ​លើសពី​អ្វី ដែល​យើង​បានដឹង ប្រហែល​ជាមាន​ពស់​មួយចំនួន​ជិត​ផុត​ពូជ​ទៅហើយ​។ ជាមួយគ្នា នឹង​ការអភិរក្ស​ពស់​ដែល​នៅមានកម្រិត ដូច្នេះ​ពួកវា​ក៏​នៅតែ​មិនទាន់មាន ការសិក្សា ស្វែងយល់​ច្បាស់លាស់​ពី​អ្នកស្រាវជ្រាវ និង​សង្គម​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្វីដែល​យើង បានដឹង​ច្បាស់​នោះ​គឺថា ពស់​មាន​សារៈសំខាន់​ណាស់​ចំពោះ​បណ្ដាញ​អាហារ ហើយ​វា​ដើរតួនាទី​ក្នុងការ​គ្រប់គ្រង​សត្វល្អិត​តាមបែប​ធម្មជាតិ​នៅក្នុង​តំបន់​ដែលមាន មនុស្ស​រស់នៅ​៕​ដោយ៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print