អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីការរកឃេីញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០.០៨២នាក់ គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ និងរកឃើញអ្នកជំងឺកូវីដចំនួន១៤១នាក់ទៀតបានស្លាប់។ ខណៈបច្ចុប្បន្ននេះ អាជ្ញាធរកំពុងពិចារណាធ្វើការរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលត្បាតខ្លាំងនៅក្នុងប្រទេសមួយនេះ។
បេីតាមអ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ថៃ បាននិយាយថា៖ « ក្រោយការវាយតំលៃវិធានការ នៅមានការព្រួយបារម្ភ។ យើងនឹងបិទទីកន្លែងជាច្រើនទៀត ហើយបន្ថែមវិធានការ»។
ជាមួយគ្នានេះរដ្ឋាភិបាលថៃ ក៏មានផែនការបង្កើនការធ្វើតេស្តិ៍រកកូវីដ១៩ ដែលបច្ចុប្បន្នធ្វើតេស្តិ៍បាន៧០.០០០ទៅ៨០.០០០នាក់ក្នុងមួយថ្ងៃ ដោយបញ្ចេញឧបករណ៍ធ្វើតេស្តិ៍ខ្លួនឯងតាមផ្ទះដែលអាចរកទិញបាននៅតាមឳសថស្ថានចាប់ពីសប្តាហ៍ក្រោយ។ បន្ថែមពីនេះ រដ្ឋាភិបាល ក៏មានផែនការបង្កើនការធ្វើតេស្តិ៍រកកូវីដ១៩ ដែលចាប់ពីសប្តាហ៍ក្រោយនឹងមានក្រុមចុះធ្វើតេស្តិ៍តាមផ្ទះប្រជាជនដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃចន្ទទី១៩កក្កដា ខាងមុខនេះតទៅ តំបន់ដែលត្រូវបានចាត់ទុកថាប្រឈមខ្ពស់នៅថៃ បានស្ថិតក្រោមការរឹតបន្តឹងខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយចលនាមនុស្សនិងការជួបជុំត្រូវហាមឃាត់ ផ្សារនិងស្ថាប័នជំនួញខ្លះត្រូវបិទ ហើយស្ថិតក្រោមបំរាមគោចរចាប់ពីម៉ោង៩យប់ដល់៤ភ្លឺ។
ដោយឡែកជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីថៃ បានបញ្ជាទៅកងទ័ព និងប៉ូលីសឱ្យសហការជាមួយសាលាក្រុងបាងកក ដើម្បីរៀបចំបញ្ជូនចេញក្រុមប្រតិកម្មរហ័សជាង២០០ទៅធ្វើតេស្តិ៍ប្រជាជនតាមផ្ទះដើម្បីរកកូវីដ-១៩ នៅផ្នែកនៃទីក្រុងដែលរងគ្រោះខ្លាំងពីកូវីដ១៩។
ជាក់ស្ដែងចំពោះចំណាត់ការនេះដែរ គឺមានបំណងរកអ្នកឆ្លងជំងឺនេះនិងធ្វើចត្តាឡីស័កជនសង្ស័យនៅពេលចំនួនឆ្លងកូវីដនៅក្នុងទីក្រុងចេះតែកើនឡើងរាល់ថ្ងៃ។ ក្រុមនេះក្រៅពីធ្វើការនៅក្រុងបាងកក ក៏នឹងត្រូវបញ្ជូនទៅបណ្តាខេត្តជុំវិញរដ្ឋធានីថៃ ដោយចូលពិនិត្យប្រជាជនពីផ្ទះមួយទៅផ្ទះមួយដោយមិនយកថ្លៃសេវា។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកដល់ពេលនេះ មានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣៩១.៩៨៩នាក់ និងចំនួនអ្នកស្លាប់ ៣.២៤០នាក់ចាប់តាំងពីជំងឺឆ្លងដ៏កាច់សាហាវមួយនេះ កើតមានក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីឆ្នាំ២០២០កន្លងទៅ៕ដោយ៖ស តារា