ខេត្តកំពង់ឆ្នំាង, បើយោងតាមផេកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា, លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យនិងសាកសួរសុខទុក្ខនាំយកសម្ភារៈការពារជំងឺកូវីដ-១៩ រួមមាន៖ មានម៉ាស់ ជែល និងថ្នាំចិនសែរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅវិទ្យាល័យបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមរបស់អាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យផងដែរ ។
លើផេកគណបក្សប្រជាជនកម្ពុជាបានបន្តថា,តាមការបញ្ជាក់របស់គ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ វិទ្យាល័យហ៊ុន សែន បរិបូណ៌មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យបាលជំងឺចំនួន ៨៩ នាក់ ហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះបានជាសះស្បើយចំនួន១៣នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តជាពិសេសប្រមុខរាជរដ្ធាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មណ្ឌលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យដែលជាមន្រ្តីជួរមុខ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ និងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវចូលរួមជាមួយរាជរដ្ធាភិបាល ក្នុងការទប់ស្កាត់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើយ៉ាងណាអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីយើងទាំងអស់គ្នារួចផុតពីជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោកបានប្រគល់ជូនសម្ភារៈរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន៖ ម៉ាស់ចំនួន០២កេស ស្មើ៥០០០ម៉ាស់ ជែល៤០០ដបតូចនិងថ្នាំចិនសែចំនួន១២០ប្រអប់ សម្រាប់ទុកចែកដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ៕
ដោយ៖ សិលា