ស្ដេចប្រដាល់អាស៉ី៖ Pacquiao ត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែងជាប្រធានបក្សកាន់អំណាច ក្រោយទាស់សម្ដីជាមួយលោកប្រធានាធិបតីហ្វីលីពីន​

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា៖​ លោក Emmanuel «Manny» Pacquiao សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្ដេចប្រដាល់អាស៊ី ត្រូវបានគេបោះឆ្នោតទម្លាក់ចេញពីតំណែងជា មេដឹកនាំគណបក្សកាន់អំណាចហើយ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីទាស់សម្ដីជាមួយលោក រ៉ូឌ្រីហ្គោ ឌូតើតេ​ប្រធានាធិបតីហ្វីលីពីន។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ ចំពោះ​ការបោះឆ្នោតខាងលើនេះ​ ត្រូវបានស្នើឡើងដោយលោក Alfonso Cusi រដ្ឋមន្ត្រីថាមពលហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់លោក​ប្រធានាធិបតី ឌូតើតេ ហើយនៅក្នុង
ការបោះឆ្នោតកំឡុងកិច្ចប្រជុំមួយរបស់សភាជាតិនេះដែរ លោក Alfonso Cusi ផ្ទាល់ត្រូវបានតែងតាំងជាមេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យ (democratic party) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅហ្វីលីពីន។

សូមជម្រាបថា​ លោក Pacquiao ដែលបានជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាចហ្វីលីពីនកាលពីខែធ្នូ ឆ្នាំ២០២០ មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹង ការសម្រេចចិត្តដករូបលោកពីតំណែងនោះទេ ដោយគ្រាន់តែលោកសង្កត់ធ្ងន់នៅក្នុងសេចក្ដីថ្លែងការណ៍ថាគណបក្សគួរតែផ្ដោតសំខាន់លើការបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស COVID-19 បម្លែងថ្មី Delta ទើបជារឿងត្រូវធ្វើនៅពេលនេះ។

គួរបញ្ជាក់ថា ស្ដេចប្រដាល់អាស៉ី​រូបនេះ​ មានអាយុ ៤២ឆ្នាំ ធ្លាប់ជាអ្នកគាំទ្រម្នាក់របស់លោក ឌូតើតេ ហើយលោកឌូតើតេផ្ទាល់ក៏ធ្លាប់បានបង្ហើបដែរថាលោកគាំទ្រឱ្យ លោក Pacquiao ឡើងធ្វើជាប្រធានាធិបតីហ្វីលីពីនទៀតផង។ ក៏ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងអ្នកទាំង២កាន់តែល្អក់កករនឹងគ្នា រឹតតែខ្លាំង ជាពិសេសក្រោយលោក Pacquiao ចាប់ផ្ដើមរិះគន់ពីជំហរទន់ភ្លន់ចំពោះចិនរបស់លោក ឌូតើតេ និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print