នៅថ្ងៃទី១៧ខែកក្កដា ក្រុមជួយសង្គ្រោះអាល្លឺម៉ង់ បានប្រកាសថាបានរកឃើញសាកសព៣នាក់នៅកន្លែងធ្លាក់យន្តហោះ Piper ស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះ។ សារព័ត៌មាន DPA បានផ្សាយថា កម្លាំងប៉ូលិសមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ។
យន្តហោះដែលជួបគ្រោះថ្នាក់នេះបានហោះហើរចេញពីអាកាសយានដ្ឋាន Stuttgart នាព្រឹកថ្ងៃទី ១៧ខែកក្កដាដោយដឹកមនុស្ស ៣នាក់ ហោះហើរទៅកាន់តំបន់ Magdeburg ភាគខាងកើតប្រទេសអាល្លឺម៉ង់ហើយក៏បានធ្លាក់នៅតំបន់ព្រៃ ពោរពេញដោយដើមឈើធំៗជិតតំបន់ Steinenbronn ភាគខាងត្បូងទីក្រុង Stuttgart ។
តាមការលើកឡើងពីទីបញ្ជាការហោះហើរអាល្លឺម៉ង់ បានឱ្យដឹងថាអាកាសយានិកមិនបានអនុវត្តតាមការអំពាវនាវបន្ទាន់ មុនពេលបាត់ទំនាក់ទំនងចេញពីប្រព័ន្ធរ៉ាដា។ យន្តហោះសំណាងអាក្រក់នោះបានធ្លាក់ចុះដី ក្រោយរយៈពេលតែ២០ នាទីនៃការហោះហើរ។
ក្រុមជំនាញបានរកឃើញប្រអប់ខ្មៅយន្តហោះ ហើយកំពុងតែបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់៕ដោយ៖ធីរីណា