ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង ០៩និង០០នាទី ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាមចំនួន ០៣នាក់ ស្រី ០២នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
បន្ទាប់មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថា, គិតត្រឹមយប់ថ្ងៃទី១៩ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមមានចំនួន៤.១៩៥នាក់ គឺតិចជាងថ្ងៃទី១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរមានអ្នកជាសះស្បើយពីជំងឺ៣៨០នាក់។
ទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ ចំនួនអ្នកឆ្លងនៅទីក្រុងហូជីមិញក៏បានថយចុះដល់ទៅជាង ១.៥០០នាក់ផងដែរ៕
ដោយ, សិលា