ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥នាក់ និងករណីស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
ករណីទី១ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៨ ដល់ទី៤៣ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៤ ជាករណីឆ្លងមានប្រភពចម្លងចេញពីការដ្ឋានRose Apple Square។ ក្នុងនោះ ករណីទី៤៥ ករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៤៦ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ករណីទី៤៧ ដល់ទី៥១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ជាមួយគ្នានេះ ករណីទី៥២ ដល់ទី៦៩ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៧០ ដល់ទី៩៤ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង១៥នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ករណី ទៅលើសាកសព ឈ្មោះ ជ័យ យេន ភេទប្រុស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣២១៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៧៦នាក់ ស្លាប់២៧នាក់ និង១៨១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា