ភ្នំពេញ៖ បុរសជនជាតិប៊ែលហ្ស៊ិកម្នាក់ ត្រូវបាននគរបាលការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយបុគ្គលិកធនាគារកាណាឌីយ៉ា ឃាត់ខ្លួនខណះដែលជនជាតិស្បែកខ្មៅរូបនេះ បានធ្វើសកម្មភាព លួចបន្លំដកលុយពីធនាគារអស់ចំនួន ៤ម៉ឺុន ៨ពាន់ដុល្លារបានសម្រេចហើយ ក៏មកធ្វើសកម្មភាពបំរុងដកយកប្រាក់ចំនួន ៩ម៉ឺុនដុល្លារទៀត តែត្រូវខាងធនាគារកំណត់មុខសញ្ញាសង្ស័យ ក៏តំរូវឲ្យបុរសរូបនេះទៅដកប្រាក់ដែលខ្លួនចង់បាននោះ នៅស្នាក់កណ្តាលប្រចាំរាជធានីភ្នំពេញ ។
ករណីឃាត់ខ្លួនជនជាតិស្បែកខ្មៅខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៦ នេះ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ Kanzi Francis Olivier ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិប៊ែលហ្ស៊ិក ។
បើយោងតាមសម្តីភ្នាក់ងាររបស់ធនាគារកាណាឌីយ៉ា បានឲ្យដឹងថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជនសង្ស័យបានលួចបន្លំដកប្រាក់អស់ចំនួន ៤ម៉ឺន ៨ពាន់ដុល្លារ ពីសាខាធនាគារស្តាតចាស់ កាលពីថ្ងៃសុក្រ ទី១៨ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ លុះនៅថ្ងៃឃាត់ខ្លួន ជនសង្ស័យបានមកសាខាធនាគារទួលគោកម្តងទៀត ដើម្បីដកយកប្រាប់ចំនួន ៩ម៉ឺនដុល្លារទៀត តែដោយសារតែភាគីខាងធនាគារកំណត់មុខសញ្ញាដឹងថាសង្ស័យធ្លាប់ដកប្រាប់បានម្តងរួចមកហើយនោះ ក៏តំរូវឲ្យជនសង្ស័យរូបនេះទៅដកប្រាក់ដែលខ្លួនចង់បាននោះ នៅស្នាក់កណ្តាលប្រចាំរាជធានីភ្នំពេញ ដែលស្ថិតនៅតាមមហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លុះជនសង្ស័យបានទៅធនាគារកាណាឌីយ៉ា ពេលឃើញថា ជនសង្ស័យប្រើប្រាស់លិខិតស្នាមក្លែងក្លាយ និងបានប្រើឈ្មោះជាច្រើន (មិនច្បាស់លាស់) ខាងធនាគារ ក៏បានឲ្យជនសង្ស័យទៅយកឯកសារនៅសាខាធនាគារទួលគោក ស្រាប់តែជនសង្ស័យ បានបើកទ្វាររថយន្ត បំរុងរត់គេចខ្លួនដល់មុខទីស្តីការគណះរដ្ឋមន្រ្តី ក៏ត្រូវសន្តិសុខធនាគារនិងសមត្ថកិច្ច ជិះម៉ូតូដេញតាម ទើបចាប់បានបុរសខ្មៅរូបនេះ បញ្ជូនទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពបណ្ដោះអាសន្ន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅកាន់ការិយាល័យនគរបាលសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕ស ដារ៉ា