រដ្ឋបាលរាជធានីភ្នំពេញ ៖ ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ចេញពីបាតប្រឡាយបានបញ្ចប់១០០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយ
ម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ
ត្រូវបានបញ្ចប់១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប, សំរាមនិងស្មៅក៏បានជាង២០០០ម៉ែត្រគូបផងដែរ ដែលបានធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាចបញ្ជៀសបាននូវការលិចលង់ ភូមិឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២កក្កដានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក​ ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥យ៉ាងសកម្ម ហើយបើគិតមកដល់ត្រឹមល្ងាចថ្ងៃទី២១ ខែកក្កដា ម្សិលមិញ ការស្តារប្រឡាយលូ៥នេះបានបញ្ចប់១០០ភាគរយហើយ ដែលធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ ក្រុមការងារបានចល័តកម្លាំងនិងគ្រឿងចក្រពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយការស្តារប្រឡាយបឹងទំពុនថែមទៀត។
លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ការស្តារប្រឡាយបឹងទំពុនដែលនៅសេសសល់ប្រវែងប្រមាណ១០០ម៉ែត្រទៀតនោះ ក្រុមការងារនឹងសម្រុកឱ្យបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។
លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់ឱ្យដឹងទៀតថា ប្រឡាយលូ៥មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ម្សិលមិញ ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។
លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់បន្ថែមថា ៖ការស្តារប្រឡាយលូ៥នេះ ក្រុមការងារស្តារភក់ចេញបានចំនួន២១៣៧៥ម៉ែត្រគូប , សំរាមនិងស្មៅបានចំនួន២២៥០ម៉ែត្រគូប។ ដូច្នេះ លោកស្នើសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print