ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាប្រពន្ធមន្រ្តីយោធានៅវរសេនាតូចលេខ៥០៧ ចំណុចភ្នំបេង បានស្លាប់យ៉ាងអណោចអធ៌ម ខណៈដែលស្ត្រីរងគ្រោះបានទៅពន្លត់ភ្លើងព្រៃដែលកំពុងឆាបឆេះរាលចូលក្នុងចំការមៀនប៉ៃលិនរបស់ខ្លួនហើយសាកសព ត្រួវបានក្រុមគ្រួសារប្រទះឃើញកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចកំពូលភ្នំបេងខាងក្បូង បន្ទាយ ស្ថិតក្នុងភូមិបរហ៊ុយត្បួង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្ត្រីដែលស្លាប់ក្នុងភ្នក់ភ្លើងព្រៃឈ្មោះ ណឹប លាង អាយុ៣៥ឆ្នាំ ជាចុងភៅនៅបន្ទាយវរសេនាតូចព្រំដែនលេខ៥០៧ មានប្តីឈ្មោះ ឈឺ ធី អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធាវរសេនាតូចព្រំដែនលេខ៥០៧ មានស្រុកកំណើតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិបរហ៊ុយត្បួង សង្កាត់បរយ៉ាខា ក្រុង-ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ គេឃើញភ្លើងបានឆាបឆេះក្បែរជើងភ្នំចំណុចកើតហេតុខាងលើ បន្ទាប់មក គេឃើញស្ត្រីរងគ្រោះ និងប្តីបានដើរទៅពន្លត់ភ្លើងនោះកុំឲ្យឆេះ ហើយក៏រលត់ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែលនោះ ។ មួយសន្ទុះក្រោយមក ស្រាប់តែមានភ្លើងឆាបឆេះម្តងទៀត នៅវេលាម៉ោង៣ រសៀល គេឃើញស្ត្រីរងគ្រោះចូលទៅពន្លត់ភ្លើងតែម្នាក់ឯង ក្នុងពេលដែលភ្លើងព្រៃកំពុងឆេះយ៉ាងខ្លាំង មានខ្យល់បក់បោកមកផងនោះ និងមានផ្សែងខ្មួលខ្មាញ់ មិនអាចមើលឃើញស្រ្តីរងគ្រោះឡើយ ។
ប្រភពបានបន្តទៀតថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែមីនា គេឃើញប្តីស្ត្រីរងគ្រោះ បានដើររកស្ត្រីរងគ្រោះ តែរកមិនឃើញ ។ លុះនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្រាប់តែប្តីស្ត្រីរងគ្រោះប្រទះឃើញស្លាប់ឡើងរួញ ក្រញង់ទៅហើយ ក៏នាំគ្នាលើកសាកសពស្ត្រីរងគ្រោះ យកមកដាក់នៅបន្ទាយវរសេនាតូចការពារព្រំដែនលេខ៥០៧ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
បើតាមការឲ្យដឹងពីឈ្មោះ ឈឺ ធី អាយុ៣៦ឆ្នាំ ត្រួវជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ វេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមីនា រូបគាត់និងប្រពន្ធបានឡើងទៅពន្លត់ភ្លើង ហើយភ្លើងបានរលត់ទៅវិញទើប គាត់ត្រឡប់មកក្រោមវិញ ។ បន្ទាប់មកនៅរសៀលថ្ងៃដដែល គាត់បានទៅមើលការប្រកួតកីឡា នៅក្រុងប៉ៃលិនបាត់ទៅ ។
លោកបានបន្តថា នៅវេលាម៉ោង៥ល្ងាច រូបគាត់បានត្រឡប់មកបន្ទាយវិញមិនឃើញប្រពន្ធ ក៏នាំបងប្អួនដើររក រហូតដល់យប់នៅតែរកមិនឃើញ ។ លុះព្រឹកឡើងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ រូបគាត់ក៏ចាប់ផ្តើមដើររកប្រពន្ធបន្តទៀត ស្រាប់តែឃើញប្រពន្ធគាត់ស្លាប់ភ្នក់ភ្លើងបាត់ទៅហើយ រួចក៏នាំគ្នាលើកសពប្រពន្ធពីលើកំពូលភ្នំយកមកដាក់ក្នុងបន្ទាយដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត