សង្ស័យមានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ទើបយុវជនរូបនេះគិតខ្លីមកលោតទឹកសម្លាប់ខ្លួនឯងបែបនេះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមកឈប់នៅត្រង់ចំណុចលើស្ពាន រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា មានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាក zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 មកឈប់នៅត្រង់ចំនុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់ទៅដោយបន្សល់ទុកម៉ូតូម៉ាក zoomer-X ១គ្រឿង, ខ្សែកប្លាទីន១ខ្សែ, ចិញ្ចៀនប្លាទីន១វង់, ប្រាក់រៀលចំនួន៧.៥០០៛, ស្បែកជើង ១គូ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងប្រចាំការនៅគល់ស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចបានបន្តឱ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅនិងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ
ស៊ីម ភារុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្រិីយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា។ជនរងគ្រោះ មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា”អហោសិកម្មឲ្យខ្លួនផង” រួចក៏បិទទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថាជនរងគ្រោះមកលោតទឹកពីលើស្ពានសម្លាប់ខ្លួន។
បច្ចុប្បន្នសពរបស់ជនរងគ្រោះពុំទាន់រកឃើញនៅឡើយទេ កម្លាំងជំនាញ និងក្រុមគ្រួសារកំពុងធ្វើការរុករកបន្ត។ ចំណែកសម្ភារវត្ថុតាងត្រូវបានជំនាញប្រគល់ជូនទៅឈ្មោះ អៀង ប៊ុនថេង យកទៅរក្សាទុកជាបណ្តោះអាសន្នសិនរង់ចាំគ្រួសារមកទទួលយកនៅពេលក្រោយ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print