ភ្នំពេញ, ដំណឹងបានបញ្ជាក់ថា, ក្រុមហ៊ុន Smart បានព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពី ផ្ទុះការរិះគន់ រឿងកាត់ផ្ដាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ។ និយាយរួមធ្លាប់មានអតិថិជនច្រើនណាស់លើកយកបញ្ហានេះមកពិភាក្សា និងរិះគន់ ទើបឈានដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានចំណាត់ការ កាលពីម្សិលមុិញ។
សូមបញ្ជាក់ថា, ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជនដែលទទួលរងការប៉ះពាល់ពីបញ្ហាដែលបានកើតឡើងនេះ ។
ក្រុមហ៊ុនស្មាត ក៏សូមបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយនិងសំណងសមស្របមួយជូនដល់អតិថិជនដែលទទួលរងការប៉ះពាល់នេះ ។
សេចក្ដីជូនដំណឹងនេះ ក៏បានបញ្ជាក់ថា យោងតាមការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺ បានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរពីការងារនិងទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ។ (កាន់តែលម្អិតសូមអានសេចក្ដីជូនដំណឹងនេះបន្ថែមទៀត)
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ( Smart Axiata Co,Ltd) បានអនុវត្តខុសនឹងនីតិវិធីនៃការបើកលេងទូរស័ព្ទជូនអតិថិជនដោយបានកាត់ផ្ដាច់លេខទូរស័ព្ទអតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា, ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.)បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖
១. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រ ផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ត្រូវផ្ដល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។ ៣.ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា