ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យសកម្មភាព នៃការអនុវត្តភារកិច្ចរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ។
ក្នុងសេចក្តីរាយការរបស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបានឲ្យដឹងថា៖ មុខសញ្ញាអតីតយុទ្ធជនគ្រប់ប្រភេទដែលសមាគមអតីតយុទ្ធជនខេត្តកំពង់ធំកំពុងគ្រប់គ្រងមានចំនួន៣.៤៥៥នាក់។ កន្លងមកនេះ ដោយអនុវត្តតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាការចង្អុលបង្ហាញរបស់លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិកាសមាគមអតីត យុទ្ធជនកម្ពុជា សមាគមខេត្តបានយកចិត្តទុកដាក់ជម្រុញដល់ថ្នាក់មូលដ្ឋាន ស្រាវជ្រាវពត៌មានបានច្បាស់លាស់ អំពីជីវភាពអតីតយុទ្ធជនក្នុងមូលដ្ឋាន គ្រប់គ្រង ហើយបានចុះជួយសាងសង់លំនៅដ្ឋាន បានចំនួន៣ខ្នង ដោយត្រូវ ចំណាយថវិកាសរុបចំនួន ១៦លាន៩២ម៉ឺន២ពាន់៤រយរៀល។ លោកឧត្តមសេនីយ៏ សោម ស៊ុន បានឲ្យដឹងទៀតថា៖ ក្រៅពីការចុះផ្តល់ថវិកាបេឡាមរណៈជូនគ្រួសារសពបានទាន់ពេលវេលាសមាគមអតីតយុទ្ធជនខេត្តនៅបានជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនជាសមាជិកដែលជួបការលំបាកផងដែរ ក្នុងនោះបានជួយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន រួមមាន៖ មុង ភួយ ក្រមា សារុង ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ និងថវិការមួយចំនួនទៀត។
នាយឧត្តមសេនីយ៏ គន់ គីម បានមានប្រសាសន៏ក្នុងឱកាសនោះថា ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីទទួលខុសត្រូវរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក្នុងការចូលរួម ចំណែកបំពេញការងារទទួលបានជោគជ័យ ជាពិសេសការលើកកម្ពស់កិត្តិយស និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំត្រូវបន្តប្រពៃណី ពង្រឹងធ្លុងសាមគ្គីភាពឲ្យបានល្អ ក្នុងនោះត្រូវបន្ត ធ្វើបច្ចុប្បន្នភាព សមាជិកឲ្យបានច្បាស់លាស់ ព្រមទាំងយកចិត្តទុកដាក់ការ បំផុសចលនាដល់ សប្បុរសជននានា ដើម្បីគៀងគរ រកថវិកាសម្រាប់ទ្រទ្រង់ មូលនិធិសមាគម។
នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យការងារនោះដែរ លោកនាយឧត្តមសេនីយ៍ គន់ គីម បានឧបត្ថម្ភដល់សមាជិកដែលបានចូលរួមចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល៕