តម្លៃគេហដ្ឋាននៅវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដោយសារតែតម្លៃដែកឡើងថ្លៃនាពេលថ្មីនេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានលើកឡើងពីការព្រួយបារម្ភនេះ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានប្រកាសពីការបង្កើនពន្ធលើការនាំចូលដែកចាប់តាំងពីសប្តាហ៍មុនមក។
នេះគឺជាវិធានការបណ្តោះអាសន្នប្រឆាំងនឹងការនាំចូលដែកមានតម្លៃទាប ដែលត្រូវបានគេនិយាយថា នឹងគំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក។
ក្រោមសេចក្តីសម្រេចថ្មី ពន្ធនៃការនាំចូលនេះត្រូវបានដាក់លើផលិតផលដែកកំណាត់ ដែលនឹងកើនឡើងពី ១០ភាគរយទៅ ២៣,៣ភាគរយ ខណៈដែលពន្ធលើដែកវែងនឹងកើនឡើងពី ៤ភាគរយទៅ ១៤,២ភាគរយ។ជាមួយនឹងពន្ធថ្មីនេះ តម្លៃដែកត្រូវបានគេរំពឹងថានឹងកើនឡើង ៣ភាគរយ។
លោក Nguyen The Diep អនុប្រធានក្រុមហ៊ុនអចលនទ្រព្យ Ha Noi Real Estate Club បានមានប្រសាសន៍ថា តម្លៃដែក និងស៊ីម៉ងត៏ មានប្រហែលជា ៤០ភាគរយនៃតម្លៃសាងសង់ផ្ទះ ដូច្នេះបើតម្លៃដែកនេះកើនឡើង នោះវាពិតណាស់នឹងធ្វើឱ្យតម្លៃផ្ទះកើនឡើងដែរ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគម្រោងរបស់ពួកគេស្ថិតក្នុងដំណាក់កាលដំបូងនៃការសាងសង់នោះ នឹងទទួលរងឥទ្ធិពលយ៉ាងខ្លាំង។
លោក Nguyen Viet Hai អគ្គនាយកនៃក្រុមហ៊ុន VIC Investment Joint Stock Company បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រុមហ៊ុនចាំបាច់ត្រូវតែទិញដែកក្នុងតម្លៃខ្ពស់ជាងមុន។
លោកបានបន្តទៀតថា ដែកគឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតសម្រាប់គម្រោងសាងសង់ ហើយការកើនឡើងនៃតម្លៃសាងសង់នឹងបង្ខំឱ្យអ្នកវិនិយោគទាំងនោះធ្វើការកែសម្រួលដល់ផលិតផលចុងក្រោយរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណេញ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមិនដឹងច្បាស់ថា តើតម្លៃកើនឡើងនេះនឹងមានរយៈពេលប៉ុនណានោះទេ។
លោកបានបន្ថែមទៀតថា កាលណាតម្លៃកើនឡើង តម្រូវការប្រហែលជាធ្លាក់ចុះដោយសារតែអតិថិជនរង់ចាំរហូតដល់តម្លៃធ្លាក់ចុះវិញ។
លោក Ngo Tri Long អ្នកជំនាញសេដ្ឋកិច្ចបានមានប្រសាសន៍ថា ការកើនឡើងនៃតម្លៃគេហដ្ឋានគឺមិនអាចទស្សន៍ទាយបានទេ ប៉ុន្តែរយៈពេលដែលតម្លៃដែកកើនឡើងនោះ នឹងជះឥទ្ធិពលដល់ទីផ្សារជាក់ជាមិនខាន៕