ខេត្តពោធិ៍សាត់ ៖ ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចេញបទបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាចោរលួចរថយន្ត និងកាច់សោ.កម៉ូតូយ៉ាងសកម្មនៅលើផ្ទៃប្រទេស ឈានដល់ធ្វើការបង្រ្កាបបានភ្លាមៗរួមទាំងនារីជាសង្សាផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះសំណាក់យីហោ(អង្គារមាស់)ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលក.ស ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងដែលបានដឹកនាំកម្លាំងផ្ទាល់បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឈ្មោះ អ៊ុន សុខហន ឬម៉ៅ ធី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តពោធិ៍សាត់ និងនារីជាសង្សាឈ្មោះ ណយ នី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
លោក ស្នងការរងបន្តថា ជនសង្ស័យជាមុខសញ្ញាបានគេចខ្លួនពីខេត្តកំពត មកពួនសំងំនៅខេត្តពោធិ៍សាត់ ត្រង់ចំណុចកន្លែងឃាត់ខ្លួន ជននេះធ្លាប់ធ្វើសកម្មភាពគ្រប់ទីកន្លែនៃប្រទេស ក្នុងនោះសមត្ថកិច្ចរកឃើញសៀវភៅពិនិត្យសុខភាព និងបើកថ្នាំជំងឺអេត ជារបស់ជនសង្ស័យជាមុខសញ្ញា(អ៊ុន សុខហន ឬម៉ៅ ធី)វត្ថុតាងរួមមានៈ រថយន្ត១គ្រឿងម៉ាក តូយ៉ូតា កាមរីឆ្លាម សេរីឆ្នាំ២០០១ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y 0661 លុយក្រដាស់២ដុល្លា ១សន្លឹក លុយខ្មែរចំនួន៤៣មុឺន អត្តសញ្ញាណប័ន១សន្លឹក ទូរស័ព្ទចំនួន៣គ្រឿង ម៉ាកអូម៉ូចំនួន២គ្រឿង ចុចពិលចំនួន១គ្រឿង ។
លោក ឧត្ដមសេនីយ៍ត្រីបន្តទៀតថា ជនសង្ស័យជាមុខសញ្ញារួមទាំងស្រ្តីជាសង្សា និងវត្ថុតាងទាំងអស់ បានប្រគល់ទទទួលជនសមត្ថកិច្ចនគរបាលខេត្តកំពត នារសៀលថ្ងៃដដែល ៕
ដោយ៖ បុឹម ពិន