សមត្ថកិច្ចបន្តស្ទាក់បង្រ្កាបចោរលួចរថយន្តបាន៥នាក់ទៀតរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ទាក់ព័ទ្ធចាប់ក្រុមចោរឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងនោះក្របួចជាប់ចំនួន៥នាក់ ដកហូតរថយន្តចំនួន២គ្រឿង ដើម្បីនាំយកមកបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចន្លោះឃុំឈើតុំ និងឃុំស្វាយ.ស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលអធិការដ្ឋានស្រុកក្រគរបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឱ ភារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២-ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំង ឃុំក្រាំងវិច ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ទី៣-ឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ដុកក្រោល ឃុំវាលពង់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ទី៤-ឈ្មោះប៉ក មរត្តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល និងទី៥-ឈ្មោះ ឆេង រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីជួរត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយ
រៀង ។

មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថា ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានធ្វើការដកហូតវត្ថុតាង រថយន្ត១គ្រឿងម៉ាកសាំយ៉ុង
ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2Bl- 5091 ដែលក្រុមនេះធ្វើសកម្មភាពលួចនៅមុខផ្ទះរបស់ឈ្មោះ ដាំង ថុណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នាចកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ និងមានរថយន្តបិទគូទ១គ្រឿងទៀតម៉ាក តូយ៉ូតាបាឡែន ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2100 បើទោះជាក្រុមនេះព្យាយាមបើកគេចក៏គេចមិនរួចពីកណ្ដាប់ដៃរបស់សមត្ថកិច្ចយើងដែរ ។

សមត្ថកិច្ចបញ្ជាក់បន្តទៀតថា បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងនេះរួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាលនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។

គួររំលឹកថា កាលពីរសៀលម្សិលមិញទី២៣ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានធ្វើបង្រ្កាបជនសង្ស័យជាចោរលួចរថយន្ត១គ្រឿងមកពីខេត្តកំពត ថែមទាំងបានប្រគល់ទទួលជូនសមត្ថកិច្ចនគរបាលខេត្តកំពតផងដែរ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print