ភ្នំពេញ , សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់-ទទួលវាក់សាំងកូវីដ-១៩ ដលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ ដោយមានប្រសាសន៍ថា,
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពន ប្រទេសជប៉ុនប្រចាំនៅកម្ពុជា,
សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមផ្ទាល់ ក្នុងឋានៈជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជើងទី ១ ចំនួន ៣៣២ ០០០ ដូស នៃវ៉ាក់សាំង AstraZeneca សរុបចំនួន ១ លានដូស ដែលជាជំនួយដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌ និង សន្តានចិត្តល្អពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅគ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកល លោក ។
ជាការពិត, ក្នុងឆ្នាំ ២០២១ នេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍន៍យ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មី ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់ កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស ។ ដោយឡែកសម្រាប់កម្ពុជា, ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល និងការផ្ទុះ ឡើងនូវព្រឹត្តិការណ៍សហគមន៍ជាបន្តបន្ទាប់ក្ដី, «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅតែបន្ត រីករាលដាលក្នុងទ្រង់ទ្រាយធំ និងបានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើប្រព័ន្ធសុខាភិបាលកម្ពុជា ។
ក្នុងបរិការណ៍នេះ, ដូចគ្នានឹងប្រទេសដទៃទៀត, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជា វិធានការយុទ្ធសាស្ត្រគន្លឹះ ដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវអនុវត្តគួបផ្សំជាមួយនឹងវិធានការ «៣-កុំ និង ៣-ការពារ» ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័ស ទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ និង កិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច ។ មកទល់ពេលនេះ (គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១), រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចំនួន ៦៤,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ ។ ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បាន ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖
(១). បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី,
(២). កាត់បន្ថយទំហំ តំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប,
(៣). បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់ បន្ថយអត្រាអ្នកស្លាប់, (៤). រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩,
(៥). ការរៀបចំបូជាសព និងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ
និង (៦). ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។
សម្ដេច, ឯកឧត្តម, លោកជំទាវ , លោក, លោកស្រី!
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅដល់សំណាក់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខាងតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក ។ ជាការពិតណាស់, ការផ្ដល់ជំនួយវ៉ាក់សាំង ចំនួន ១ លានដូស នេះ ជាសក្ខីកម្មមួយថ្មី ដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និង ការទទួលខុសត្រូវខ្ពស់របស់ជប៉ុន ក្នុងការជួយគាំទ្រប្រទេសដែលធនធាន និងលទ្ធភាពនៅមានកម្រិតក្នុង សមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជាងនេះទៅទៀត, ការផ្តល់ជំនួយនេះនឹងបង្កើនវ៉ាក់សាំងដែល កម្ពុជាមានក្នុងដៃ សរុប ១៨ លានដូស, ជាពិសេស ចូលរួមចំណែកពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាអាយុ ១២-១៧ ឆ្នាំ នាពេល ខាងមុខ ។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមរំលឹកដល់ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ ទាំងអស់ ឱ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជនយើង នៅគ្រប់ទិសដៅ ។ ជាមួយគ្នានេះ, ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរព និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខុមាល ភាពរបស់គ្រួសារ, សហគមន៍ និងសង្គមជាតិយើងទាំងមូល ។
ជាចុងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្ដងទៀត ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយវ៉ាក់សាំង ១លានដូស និងសូមជូនពររដ្ឋាភិបាល និង ប្រជាជនជប៉ុនទទួលបានជោគជ័យនៅក្នុងរាល់កិច្ចការ និងវិបុលភាពចម្រើនរុងរឿង ។
សូមអរគុណ!