ខេត្តកំពង់ធំ៖ មង្គលការមួយបានធ្វើឡើងយ៉ាងអធឹកអធ័មនៅស្រុកជនបទកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបន្ទាប់ពីកម្មវិធីកំពុងរាំរែកសប្បាយរាំច្រៀងទ្រហឹងអើងកង បែរជាវេលាម៉ោង៨ និង១៥នាទីយប់ កូនក្រមុំក៏រត់ចេញពីផ្ទះបាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងភូមិ-ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កូនក្រមុំមានឈ្មោះធី អន អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកកូនកំលោះ សេន មំ អាយុ៣៧ឆ្នាំ។ ឪពុកម្តាយខាងកូនក្រមុំ បានភ័យឆោឡោនិងមិននឹកស្មានដល់ថា នាងធ្វើឲ្យបាក់មុខបាក់មាត់ ខូចពូជអំបូរ មិនដឹងថាមូលហេតុអ្វីពិតប្រាកដ។ ភាគីខាងកូនកំលោះបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីទាមទារឲ្យភាគីខាងស្រីចេញសងនៅបណ្តាការ ព្រោះរាត្រីទឹកឃ្មុំក្លាយទៅជារាត្រីទឹកខ្មេះ មិនត្រឹមតែដាច់លាបប៉ុណ្តោះទេ ខាងភាគីកូនកំលោះដែលមានវ័យចំណាស់បន្តិចនោះ ខ្មាស់គេ ខ្មាស់ឯងក៏មិនតិចដែរ។
អ្នកជិតខាងបាននិយាយថា ការទុកដាក់កូនចៅ ត្រូវតម្រូវចិត្តកូនរបស់ខ្លួន មិនមែនចាប់បង្ខំគូផ្គងតាមការនឹកឃើញរបស់ខ្លួនបានទេ ព្រោះអាចផ្តល់កំណើតចិញ្ចើមរូបគេឲ្យធំធត់ដឹងក្តីបានប៉ុន្តែមិនអាចគ្រប់គ្រងទៅលើផ្លូវចិត្តទៅលើកូនបានឡើយ និងកុំទម្លាប់យកពាក្យនំមិនធំជាងនាឡិ មកធ្វើជាអំណាចគ្រប់គ្រងឲ្យសោះ៕
ដោយ៖ ប៊ុន រិទ្ធី