ខេត្តបាត់ដំបង៖ ក្រុមទាផាស៊ីប្រចាំស្រុកសំពៅលូន ខេត្តបាត់ដំបង ដាក់ប៉ុស្តិ៍ត្រង់ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព បានរងការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងខណៈដែលក្រុមទាផាស៊ីទាំងនោះបាន ដាក់ប៉ុស្ថិ៍ឆែកឆេរត្រួតពិនិត្យ និងរាប់ក្បាលរថយន្តថៃចូលមកដឹកដំឡូងមីខ្មែរក្នុងស្រុកសំពៅលូន ដើម្បីយកប្រាក់បង្កឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោងជាហេតុធ្វើឱ្យប៉ះពាល់និងរំខានដល់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះនិងប៉ះពាល់ដល់ប្រជាពលរដ្ឋរួមភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ច្រកតំបន់ភ្នំដីនោះផងទៀត។ ការកកស្ទះចរាចរណ៍ ពីសំណាក់រថយន្តថៃចូលដឺកដំឡូងមីគេមើលឃើញថាគឺចាប់ពីច្រកតំបន់ភ្នំដីរហូតដល់ប៉ុស្តិ៍ត្រួតពិនិត្យក្រុមទាផាស៊ីដែលមានចម្ងាយជិត១គីឡូម៉ែត្រនៅពេលដែលក្រុមទាផាស៊ីកាក់រថយន្តឱ្យឈប់ត្រួតពិនិត្យ។ ការកកស្ទះចរាចរណ៍នោះកើតមានជារៀងរាល់ថ្ងៃជាពិសេសស្ទះនៅ ពេលព្រឹកខណៈដែលមានរថយន្តដឹកដំឡូងថៃជាច្រើនគ្រឿងសម្រុកចូលមកដឹកដំឡូងមីក្នុងស្រុកសំពៅលូននោះ។
ពាក់ព័ន្ធនិងបញ្ហានេះប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរស្រុកសំពៅលូនមេត្តាជួយពិនិត្យនិងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ពីសំណាក់ការកាក់រថយន្តត្រួតពិនិត្យ របស់ក្រុមទាផាស៊ីស្រុកសំពៅលូននោះផង។
លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូនបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅ រសៀលថ្ងៃទី២២ ខែមីនា នេះថាការទាផាស៊ីនោះមកពេល នេះលោកមិនបានដឹងថា តើក្រុម អ្នកទាផា ស៊ីនោះ គេមកពីទីណានោះទេ។ ពីមុនមកមានលោកឧកញ៉ាភូពុយជាអ្នកទាផាស៊ី ក៏ប៉ុន្តែក្រោយមកមានការផ្ទេរផ្លាស់ប្តូរអ្នកក្រោយនោះមកនៅពេលកើតមានបញ្ហាមិនដឹងទៅរកអ្នកទទួលខុសត្រូវចូលមកដោះស្រាយបានឡើយ។
លោកប្រាប់ឱ្យដឹងទៀតថា កាលពីលោកឧកញ៉ាភូពុយ គ្រប់គ្រង បើកាលណាកើតមានបញ្ហាអ្វីឡើងគឺអាជ្ញាធរស្រុកងាយនិងទំនាក់ទំនងឱ្យម្ចាស់ចូលមកដោះស្រាយ។ នៅពេលអ្នកគ្រប់គ្រងទាផាស៊ីក្រោយគឺគេមិនបានមកទំនាក់ទំនងជាមួយអាជ្ញាធរនោះឡើយ លោកកំពុងតែទំនាក់ទំនងទៅពន្ធដារខេត្តដើម្បីរកម្ចាស់គ្រប់គ្រងចូលមកដោះស្រាយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តទៅលើវិស័យកសិកម្មនៅកម្ពុជាដើម្បីឱ្យកាន់តែមានការរីកចម្រើននិងជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើស្រែចំការនោះ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលថែមទាំងដាក់ចេញនូវគោលនយោបាយមិនយកពន្ធដីធ្លីពីប្រជាកសិករ ធ្វើស្រែចំការនោះផងទៀត។ ប៉ុន្តែអ្វីដែលជាសកម្មភាពរបស់ក្រុមទាផាស៊ីរាប់ក្បាលរថយន្តថៃចូលមកដឹកដំណាំកសិកម្មខ្មែរនៅស្រុកសំពៅលូនបង្កការរំខាននិងធ្វើឱ្យកើតក្តីក្តៅក្រហាយដល់អាជីវករ និងប្រជាពលរដ្ឋដើម្បីយកប្រាក់បែបនោះតើបញ្ហានេះអាចបង្កឱ្យប៉ះពាល់ការនាំចេញដំណាំកសិកម្មឬយ៉ាងណានោះទេ។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងលោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបងឱ្យជួយបំភ្លឺនោះដែរក៏ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូលច្រើនដងគ្មានការទទួល ឆ្លើយតបបាននោះទេ កាលពីរសៀលថ្ងៃទី២២ ខែមីនានេះ ។ ចំណែកម្ចាស់គ្រប់គ្រងទាផាស៊ីនៅស្រុកសំពៅលូនក៏មិនអាចរកការបំភ្លឺបាននោះផងដែរ៕
ដោយ៖ សំ វិច្ឆិកា