សម្ដេចហេងសំរិន សូមអនុមោទនាបុណ្យចូលព្រះវស្សា

ចែករំលែក៖

 

ភ្នំពេញ÷ ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។

តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ សាដក អង្ករ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សា។

ដោយសារពេលនេះជំងឺកូវីដ១៩កំពុងរាតត្បាតខ្លំាង សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការសុវត្ថិភាព “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួនកុំមានការធ្វេសប្រហែសឡើយ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា ដ្បិតអីពេលនេះការចាក់វ៉ាក់សំាងបានកំពុងដំណើរនៅតាមខេត្តក្រុងនានាទូទាំងប្រទេស ក្រោយពីបានបញ្ចប់ការចាក់ជូនពលរដ្ឋនៅរាជធានីភ្នំពេញ។

នៅក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋយើងដែលមានអាយុ១៨ឡើងចំនួន១០លាននាក់នឹងទទួលបានវ៉ាក់សំាង តាមការកំណត់។ រាជរដ្ឋាភិបាលបានកំពុងបន្តកៀរគរគ្រប់លទ្ធភាពដើម្បីចាក់វ៉ាក់សំាងដល់ចៅៗ កូនក្មួយដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដោយឥតថ្លៃបន្តទៀត។ វ៉ាក់សំាងជាមធ្យោបាយនិងជាក្តីសង្ឃឹមតែមួយគត់នៅក្នុងពេលនេះដើម្បីឱ្យយើងមានលទ្ធភាពក្នុងស្តារសេដ្ឋកិច្ច និងសង្គមជាតិឱ្យទៅរកសម្មភាពជាប្រក្រតីឡើងវិញ ដូចជាការដែលចៅៗ ក្មួយៗបានវិលទៅសិក្សានៅសាលារៀនវិញជាដើមនោះ។

ខ្ញុំសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ ស៊ុន ហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print