ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា

ចែករំលែក៖

ភ្នំពេញ, ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានChina Economic Daily និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)។ លោក Zheng Qingdong ប្រធាននិងជានិពន្ធនាយកនៃសារព័ត៌មានChina Economic Daily, លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានAVI, លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានAVI, លោកស្រីបណ្ឌិត Chen Wenling ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិចិន, លោក ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងហ្សឺណែវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មដទៃទៀតនៃប្រទេសទាំងពីរបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីខាងលើនេះ។

លោក Wang Wentian បានថ្លែងក្នុងសុន្ទរកថាថា ចិននិងកម្ពុជាគឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសុខុមាលភាពល្អនិងមានស្ថិរភាពយូរមកហើយ។ ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩បានរីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជានៅតែមានកំណើនដដែល។ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរមានការជឿទុកចិត្តគ្នាទៅវិញទៅមក មានគំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ជោគជ័យរួម និងព្រមទាំងការពង្រីកឥតឈប់ឈរដោយផ្អែកលើមូលដ្ឋាននៃរចនាសម្ព័ន្ធសេដ្ឋកិច្ចជួយបំពេញឱ្យគ្នាទៅវិញទៅមកកម្រិតខ្ពស់។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍន៍ ភាគីទាំងពីរត្រូវពង្រឹងការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អនូវផលប្រយោជន៍គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេសក្នុងការបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ។ សង្ឃឹមថាភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍រឹតតែច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ និងបំពេញតួនាទីសម្រាប់បេសកកម្មអភិវឌ្ឍប្រកបដោយស្ថិរភាពនៅក្នុងតំបន់អាស៊ីនិងលើពិភពលោក។

លោក Zheng Qingdong មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាប្រទេសជិតខាងដ៏ល្អ ប្រជាជនទាំងពីរមានទំនាក់ំទំនងគ្នាយ៉ាងល្អជាប្រវត្តិយូរមកហើយ។ សមិទ្ធផលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងកម្ពុជាទទួលបានយ៉ាងច្រើនអនេកគួរឱ្យកត់សម្គាល់ គម្រោងសំខាន់ៗជាច្រើនត្រូវបានអនុវត្ត។ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែងបោះជំហានទៅមុខយ៉ាងរលូន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញឱ្យឃើញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃភាគីទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមគ្នានិងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបានឈានដល់ដំណាក់កាលថ្មីមួយទៀត។

លោកបណ្ឌិត សុក ស៊ីផាន់ណា បានលើកឡើងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដជាច្រើនដល់កម្ពុជា បានជួយពន្លឿនការអនុវត្តគោលដៅចាក់វ៉ាក់សាំងការពារវីរុសកូវីដ។ នេះបានបង្ហាញកាន់តែច្បាស់អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជានិងចិនក្នុងពេលដ៏ចាំបាច់។ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់បន្ថែមទៀតនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងពីរប្រទេស និងខិតខំរួមគ្នាដើម្បីជៀសផុតពីផលប៉ះពាល់នៃជំងឺវីរុសមួយនេះឱ្យបានឆាប់រហ័ស។

អ្នកតំណាងប្រទេសទាំងពីរបានសន្ទនាពិភាក្សាគ្នាតាមVideo Conferenceដោយផ្តោតលើប្រធានបទ ការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងចិននិងកម្ពុជា ឱកាសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជា និងចក្ខុវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិននិងកម្ពុជា។ អ្នកតំណាងដែលបានចូលរួមយល់ថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាដែលទទួលបាននាពេលបច្ចុប្បន្ននេះគឺដោយសារតែជំនឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្រ្តដែលមិនអាចបំបែកបាន គំនិតកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងការទទួលអត្ថប្រយោជន៍ជោគជ័យរួម។ សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជានាពេលអនាគតនឹងកាន់តែធំធេងនិងទូលំទូលាយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print