ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ២១៧ដល់ផ្លូវលេខ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផល ប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់កាលពី២សប្តាហ៍មុននេះ។
ការដ្ឋាននេះបានបើកដំណើរការស្ថាបនានាព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។នេះជាការបើកការដ្ឋានស្ថាបនាផ្លូវជាលើកទី១ហើយដោយមានវត្តមានអភិបាលរាជធានីភ្នំពេញចូលរួមក្រោយពីមានការរីករាលដាលកូវីដ-១៩មក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់ ។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឱ្យដឹងថា កំណាត់ផ្លូវនេះជាផ្លូវមានលក្ខណៈតូចចង្អៀត ហើយដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងបើកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងម្យ៉ាងទៀតដើម្បីឱ្យរាជធានីភ្នំពេញមានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។ក្នុងនោះយើងសូមកោតសរសើរដល់បងប្អូនរស់នៅអមសងខាងផ្លូវនេះដែលសុខចិត្តកាត់ផ្ទះឬរបងផ្ទះនិងតួផ្ទះរបស់ខ្លួនចេញក៏មានដើម្បីឱ្យអាជ្ញាធរពង្រីកផ្លូវឱ្យបានធំទូលាយ។
កំណាត់ផ្លូវនេះមានប្រវែងជាង១.៣៧០ម៉ែត្រ មានទទឹង១២ម៉ែត្រ ,៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកម្រាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ ។
បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរក្នុងការរុះរើចេញ កាលពីថ្ងៃទី១២កក្កដាឆ្នាំ២០២១កន្លងមកនេះ។
ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមមើលការស្ថាបនារបស់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវថ្មី១ខ្សែនេះមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់ ។
សូមបញ្ជាក់ថា៖ ក្នុងសកម្មភាពចុះបើកការដ្ឋានជាផ្លូវការនេះ លោក ឃួង ស្រេង បានធ្វើដំណើរដោយថ្មើរជើងដើម្បីត្រួតពិនិត្យលើការដោះស្រាយផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ដើរពីដើមផ្លូវរហូតដល់ចុងផ្លូវដោយចាប់ពីផ្លូវលេខ២១៧ រហូតដល់ផ្លូវលេខ២៧១ ដោយមិនធ្វើពិធីអ្វីនោះទេ ៕