លោកស្រី​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ តាមរយៈ ប្រព័ន្ធ ZOOM ដែលជារបៀបធ្វើការតាមគន្លងថ្មី នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកស្រី​កិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ។

លោកស្រី​កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោកស្រី​ ជូ ប៊ុនអេង និងថ្នាក់ដឹកនាំរបស់ស្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចក្នុងរយៈពេលកន្លងមក រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ដែលបានជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងខណៈពេលដែលគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍របស់ក្រសួងពុំទាន់បានបង្កើតយ៉ាងណាក៏ដោយ ។

ដោយឡែកថ្ងៃនេះ លោកស្រី​ ជូ ប៊ុនអេង ក៏បានត្រូវប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងមហាផ្ទៃ រួមជាមួយសមាជិកា ២៩រូបទៀតក្រោមឱវាទផងដែរ តាមយរៈ សេចក្តីសម្រេចលេខ ០៦១/២០ នកសអ/សសរ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះផងដែរលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អានុសាសន៍ ជូនដល់សមាសភាពគណៈកម្មាធិការសមាគមនារី នៃក្រសួងមហាផ្ទៃដែលត្រូវបានប្រកាសជាផ្លូវការនាថ្ងៃនេះ នូវអនុសាសន៍ មួយចំនួន ដូចខាងក្រោម៖

១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។ ជាពិសេស ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័យប្រកបដោយប្រសិទ្ធិភាព មិន្តត្រូវបង្ករការលំបាក អាក់ខានដល់ប្រជាពលរដ្ឋឡើយ បើទោះបីជាការផ្តល់ និងការទទួលសេវាមិនបានជួបជុំគ្នាច្រើនក៏ដោយ ។

២- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តិនូវតួនាទីភារកិច្ច និងត្រូវបែងចែកភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសាខាសមាគម នារីក្រសួងដែលទើបបានតែងតាំងនាពេលនេះ ត្រូវរបៀបឲ្យមានរបបប្រជុំ និងរបៀបរបបដោះស្រាយបញ្ហា ដើម្បីការពារផលប្រយោជន៍ដល់ស្ត្រី នៅក្រសួងមហាផ្ទៃក៏ដូចជាផលប្រយោជន៍ស្ត្រីនៅថ្នាក់ក្រោមជាតិផងដែរ ។

៣- អនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣ ។

៤- ជំរុញឱ្យស្រ្តីដែលមានតួនាទី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចតាមជំនាញនីមួយៗក្នុងការកសាងនិងបង្កើនសមត្ថភាព ជំនឿជឿជាក់លើខ្លួនឯង ដើម្បីឱ្យស្រ្តី ទទួលបានឋានៈតួនាទី និងចូលរួមធ្វើសេចក្តីសម្រេចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

៥- ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រឹងសមាជិកចាស់ និងពង្រីកសមាជិកថ្មី និង បង្កើតអនុសាខាសមាគមនារីរបស់ក្រសួងមហាផ្ទៃឲ្យសមស្រប តាមបច្ចុប្បន្នភាពរបស់ក្រសួងមហាផ្ទៃ ។

៦- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។ ជាពិសេសត្រូវចេះសហការ និងទទួលយកនូវការដឹកនាំនិងការផ្តល់យោបល់ជាមួយថ្នាក់ដឹកនាំក្រសួង។

៧- ត្រូវធ្វើរបាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំរបស់ក្រសួង និងសមាគមនារីថ្នាក់កណ្តាល ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print