TOKYO 2020៖ កីឡាក្រៅសាលមួយចំនួន គ្រោងផ្អាកការប្រកួត ពេលព្យុះទីហ្វុង Nepartak ទៅដល់ទីក្រុងតូក្យូ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ យោងតាមផេក Cambodia SEA GAMES 2023 បានអោយដឹងថា, ក្រោយទទួលព័ត៌មានព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងដំណើរការប្រកួតកីឡាអូឡាំពិករដូវកាលក្ដៅ ឆ្នាំ២០២០ (Tokyo Olympic Games 2020) គណៈកម្មាធិការរៀបចំព្រឹត្ដិការណ៍ពិភពលោកនេះ បានជូនដំណឹងដល់អត្តពលិកទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន គ្រាដែលការប្រកួតកីឡាក្រៅសាលមួយចំនួន នឹងត្រូវផ្អាកការប្រកួត ពិសេសកីឡាលើកទឹកតែម្ដង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ពីទីក្រុងតូក្យូ នាល្ងាចថ្ងៃច័ន្ទនេះថា «ស្អែកនេះ ពេលព្យុះទៅដល់ទីក្រុងតូក្យូ កីឡាក្រៅសាលមួយចំនួនត្រូវផ្អាកការប្រកួត ដូចជាកីឡាទូកក្ដៅ ទូកកានូ និងអាចមានកីឡាអត្តពលកម្មផងដែរ ហើយប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង នឹងផ្អាកកីឡាក្រៅសាលទាំងអស់តែម្ដង ។ ចំណែកកីឡាករ-កីឡាការិនីរស់នៅក្នុងភូមិកីឡាអូឡាំពិវិញ ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ» ។

តាមការរាយការណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ។ ដូច្នេះកម្មវិធីប្រកួតកីឡាមួយចំនួន នឹងត្រូវទទួលរងផលប៉ះពាល់ដោយឥទ្ធិពលអាកាសធាតុ នៃព្យុះនេះ ដែលត្រូវបានគេប៉ាន់ស្មានល្បឿនខ្យល់ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារស្អែកនេះ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print