ភ្នំពេញ, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមទស្សនា ត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវគ្រប់ទីលានប្រកួតកីឡាអូឡាំពិក នាទីក្រុងតូក្យូ (Tokyo Olympic Games 2020) ដើម្បីទាញយកបទពិសោធន៍ និងចែករំលែកដល់សហព័ន្ធកីឡាជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
បេសកកម្មរបស់នាយបេសកកម្មកម្ពុជានេះ ឆ្លើយតបទៅនឹងអនុសាសន៍ផ្ដាំផ្ញើរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធាន NOCC ក្នុងពិធីសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្ត មុនប្រតិភូ និងអត្តពលិកកម្ពុជា ធ្វើដំណើរចាកចេញពីមាតុភូមិ កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ ដើម្បីចូលរួមព្រឹត្តិការណ៍ Tokyo Olympic Games 2020 ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា «ក្រោយពិធីបើកការប្រកួតអូឡាំពិកផ្លូវការ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានទៅទស្សនា ពិនិត្យ និងសិក្សាស្រាវជ្រាវ នៅតាមទីលានប្រកួតមួយចំនួន ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកក្កដា ខ្ញុំបានទៅទីលានប្រកួត ៣កន្លែងធំៗ ទី១-ទីលានកីឡាបាញ់កាំភ្លើង ដែលមានការប្រកួតកីឡាបាញ់កាំភ្លើង ទាំងក្រៅសាល (សម្រាប់បាញ់កាំភ្លើងវែង) និងទីលានក្នុងសាល (សម្រាប់បាញ់កាំភ្លើងខ្លី) ដោយបានពិនិត្យមើលរបៀបរបបនៃការរៀបចំ ហើយបានថតសកម្មភាពទីលានទាំងអស់ យកមកធ្វើការត្រៀមលក្ខណៈ និងផ្ដល់នូវចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ ដល់គណៈកម្មការរៀបចំស៊ីហ្គេមរបស់យើង ក៏ដូចជាសហព័ន្ធកីឡាជាតិរបស់យើង» ។
«ក្រៅពីនោះ ខ្ញុំបានទៅទស្សនាទីលានប្រកួតកីឡាគុនដាវ និងកីឡាតេក្វាន់ដូ ដោយក្នុងការទស្សនានោះ ខ្ញុំបានពិនិត្យទៅលើការរៀបចំទីលានប្រកួត សម្ភារ អាជ្ញាកណ្ដាល-ចៅក្រម និងកន្លែងអង្គុយ ក៏ដូដជាប្រព័ន្ធផ្សព្វផ្សាយជាដើម ហើយខ្ញុំបានជួបជាមួយសហព័ន្ធអន្ដរជាតិ ដែលបានចុះធ្វើការងារវាយតម្លៃនៅកន្លែងរៀបចំការប្រកួត ដើម្បីបញ្ចុះបញ្ចូលឲ្យគាំទ្រដល់កម្ពុជា ដែលនឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យគេជួយដល់កម្ពុជាផ្នែកបច្ចេកទេសទាំងអស់នេះ មានតាំងពីការស្នើសុំឲ្យមានការជួយរូបមន្ដនៃបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធនៃការដាក់ពិន្ទុជាដើម ដល់សហព័ន្ធកីឡាជាតិរបស់យើង» ។
លោកនាយបេសកកម្មបន្ដថា «នេះគឺជាការងារ ដែលខ្ញុំនៅទីនេះ ត្រូវធ្វើតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន មុនចេញដំណើរមកទីក្រុងតូក្យូ។ អញ្ចឹង ពីមួយថ្ងៃទៅមួយថ្ងៃ គឺត្រូវការទៅពិនិត្យគ្រប់ទីលានកីឡាទាំងអស់ ដើម្បីយកមកធ្វើជាបទពិសោធន៍ និងធ្វើបទបង្ហាញដល់គណៈកម្មាធិការជាតិ CAMSOC ផង និងសហព័ន្ធកីឡាជាតិផង ទៅតាមប្រភេទកីឡានីមួយៗ ដើម្បីជាបទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
សូមរំឮកថា មុនចាកចេញទៅទីក្រុងតូក្យូ ក្រៅពីផ្ដល់ការសំណេះសំណាល លើកទឹកចិត្ត និងជូនពរប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា លោកបណ្ឌិត ថោង ខុន បានផ្ដាំផ្ញើប្រតិភូ និងអត្តពលិកទាំងអស់ ពិសេសនាយបេសកកម្មលោក វ៉ាត់ ចំរើន ត្រូវព្យាយាមសិក្សាស្រាវជ្រាវ អំពីរបៀបរបបរៀបចំការប្រកួត ការធ្វើបដិសណ្ឋារកិច្ច និងការងារជាច្រើនទៀត រួមទាំងវិធានការការពារជំងឺកូវីដ-១៩ ផង ដើម្បីយកមកធ្វើជាបទពិសោធន៍ សម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងរបស់ប្រទេសកម្ពុជា នាឆ្នាំ២០២៣៕
ដោយ, សិលា