ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ(ZOOM) ជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការងារនារី នៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ »។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុកផ្លូវការរបស់លោក បណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា៖ ច្បាប់ស្តីពីការងារ គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាបាននឹងកំពុងខិតខំអភិវឌ្ឍវិស័យការងារដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីកចម្រើនការវិនិយោគនៃវិស័យឯកជន ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ ច្បាប់ស្តីពីការងារត្រូវបានធ្វើវិសោធនកម្មចំនួន២លើករួចមកហើយ ដែលក្នុងនោះនៅឆ្នាំ២០០៧ វិសោធនកម្មពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារពេលយប់ និងឆ្នាំ២០១៨ វិសោធនកម្មពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ។
តាមរយៈវិសោធនកម្មច្បាប់ស្តីពីការងារ និងការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជាបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជនជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រេីនទៅមុខជាលំដាប់៕ដោយ៖សហការី