ភ្នំពេញ, នៅព្រឹកព្រលឹមអុរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា, ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សហព័ន្ធសហករណ៍ DGRV បានផ្តល់ការគាំទ្រជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីយកមករៀបចំ កសាងលិខិតបទដ្ឋានគតិយុត្ត និងធ្វើ ការពង្រឹងសមត្ថភាពមន្រ្តីអភិវឌ្ឍន៍សហគមន៍កសិកម្មចាប់តាំងពីឆ្នាំ២០១០។ ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើតាមរយ: ព្រះរាជក្រម នស/រតម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ សហព័ន្ធសហករណ៍ DGRV ក៏នៅតែបន្តជួយគាំទ្របន្ថែមទៀតដល់ការរៀបចំលិខិតបទដ្ឋានគិតយុត្តក្រោមច្បាប់ ដើម្បីឲ្យការអនុវត្តច្បាប់នេះប្រព្រឹត្តទៅដោយរលូន តម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ ព្រមទាំងជួយពង្រឹងសមត្ថភាពមន្រ្តីអភិវឌ្ឍន៍សហគមន៍កសិកម្មផងដែរ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមកិច្ចសហប្រតិបត្តិការនេះ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មសម្រេចបានសមិទ្ធផលធំៗមួយចំនួនដូចខាងក្រោម ៖
១- ការរៀបចំប្រកាសដែលមានចែងនៅក្នុងច្បាប់ស្តីពី “សហគមន៍កសិកម្ម” ៖
– លក្ខន្តិកៈគំរូរបស់សហគមន៍កសិកម្ម ឆ្នាំ២០១៦
– លក្ខន្តិកៈគំរូរបស់សហភាពសហគមន៍កសិកម្ម ឆ្នាំ២០១៦
– លក្ខន្តិកៈគំរូរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ឆ្នាំ២០១៦
– នីតិវិធីបង្កើត និងចុះបញ្ជីសហគមន៍កសិកម្ម ឆ្នាំ២០១៨
– នីតិវិធីបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្ម ឆ្នាំ២០១៨
– នីតិវិធីបង្កើត និងចុះបញ្ជីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ឆ្នាំ២០១៨
– បញ្ចប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម
– បញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម”
– បញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តនិងសិទ្ធិអនុគ្រោះពីរាជរដ្ឋាភិបាលចំពោះសហគមន៍កសិកម្ម”
– បញ្ចប់សេចក្តីព្រាងប្រកាសស្តីពី “គោលការណ៍ណែនាំនៃកិច្ចសន្យាសម្រាប់ប្រតិបត្តិការមុខរបររបស់សហគមន៍កសិកម្ម”
– បញ្ចប់សេចក្តីព្រាងប្រកាសស្តីពីកម្មវត្ថុសវនកម្មផ្ទៃក្រៅរបស់សហគមន៍កសិកម្ម
– បញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ការអភិវឌ្ឍសហគមន៍កសិកម្ម ការពង្រឹង សមត្ថភាពមន្រ្តីអភិវឌ្ឍន៍សហគមន៍កសិកម្ម និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម”
– បណ្តុះបណ្តាលគ្រូបង្គោលរបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ២៥ រាជធានី-ខេត្ត បានចំនួន ៨០នាក់ លើប្រធានបទសំខាន់ៗមួយទាក់ទងការអនុវត្តច្បាប់នេះ
– បណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មលើការចុះបញ្ជីគណនេយ្យ និងការធ្វើផែនការមុខជំនួញចំនួន ៤៤នាក់ មកពីសហគមន៍កសិកម្មចំនួន ២០។
– បញ្ជូនថ្នាក់ដឹកនាំសហគមន៍កសិកម្មទៅចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៨ ចំនួន០២នាក់។
– សហការ និងគាំទ្រថវិកាក្នុងការបង្កើតគេហទំព័ររបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងផលិតផែនទីសហគមន៍កសិកម្មសម្រាប់ដាក់បង្ហោះជាព័ត៌មាន
– គាំទ្រកម្មវិធីទស្សនកិច្ចសិក្សាស្តីពីសហករណ៍កសិកម្មអាល្លឺម៉ង់ដល់ថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានកសិកម្ម ទៅកាន់ប្រទេសអាល្លឺម៉ង់បានចំនួន០២ដង
– បង្កើតអត្តសញ្ញាណសម្គាល់ (LOGO) របស់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងសម្ព័ន្ធសហគមន៍កសិកម្ម
– បោះពុម្ពច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់មួយចំនួន
– គាំទ្រដល់ការបង្កើតសម្ព័ន្ធសហគមន៍កសិកម្ម។
២- ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១-២០២៣ ៖
– បន្តរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម
– រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍កសិកម្ម ឆ្នាំ២០២២-២០៣២
– អនុវត្តសាកល្បងលើការចុះបញ្ជីគណនេយ្យជាមួយសហគមន៍កសិកម្មចំនួន៥០ ដោយប្រើប្រាស់ប្រព័ន្ធគណនេយ្យថ្មីរបស់ក្រុមហ៊ុនបញ្ជី (Accounting Software) ដែលបានបង្កើតទ្បើងដោយផ្អែកតាមសៀវភៅចុះបញ្ជីគណនេយ្យសហគមន៍កសិកម្មរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
– បន្តផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មដល់កសិករ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
សកម្មភាពសំខាន់ៗខាងលើនឹងត្រូវអនុវត្តជាមួយសហគមន៍កសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធចំនួនជាង ២ ០០០នាក់ សម្រាប់រយៈពេល០៣ឆ្នាំគឺ ២០២១ ដល់ ២០២៣។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ក្នុងករណីចង់ទទួលបានព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងទៅលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លេខ ០១៧ ៦៣៦ ៤៦៤៕
ដោយ, សិលា