ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវក្រុមសិស្សនៃវិទ្យាល័យព្រះសីុសុវត្ថិជាច្រើននាក់បាននាំគ្នាឡោមព័ទ្ធជុំវិញរថយន្តរបស់គាត់ ខណៈដែលស្ត្រីវ័យចំណាស់រូបនោះ បានបើករថយន្តមួយគ្រឿង ម៉ាកម៉ែរសឺដេសS320 ពណ៌ខ្មៅ ទៅបុកជាមួយនិងម៉ូតូយុវសិស្សម្នាក់ម៉ាកស្គូពី ហើយមិនព្រមចុះដោះស្រាយគ្នានោះទេ បែរជាយកឈ្មោះថ្នាក់ដឹកនាំមកគំរាមក្រុមសិស្សទាំងនោះទៀត ទើបបង្កឲ្យពួកគេខឹងក៏នាំគ្នាព័ន្ធរថយន្តរកវាយបំបែកកញ្ជក់ផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានភ្ញាក់កើតឡើងកាលពីរសៀលថ្ងៃទី២២ មីនា ឆ្នាំ២០១៦ នៅច្រកទ្វារខាងត្បូងនៃសាលា វិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្ដោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀត សុភៈធារិទ្ធ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ «J» នៃសាលាវិទ្យាល័យព្រះស៊ីសុវត្ថិជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១DC-០៦៩១ មួយគ្រឿង (រងរបួសស្រាល) ។ ចំណែកឯរថយន្តបង្ក ម៉ាកម៉ែរសឺដេសS320 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២F-៤១៨៩ បើកបរដោយស្រ្តីវ័យចំណាស់ម្នាក់មិនស្គាល់ឈ្មោះ ។
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ដោយធ្វើដំណើរតាមផ្លូវលេខ១៨៤ ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បើកឆ្លងផ្លូវសំដៅចូល ទៅបរិវេណសាលាជិតផុតទៅហើយ ស្រាប់តែត្រូវរថយន្ត បង្កម៉ាកម៉ែរសឺដេសS320 មួយគ្រឿង បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ក្នុងទិសដៅស្របគ្នាទៅបុកម៉ូតូបណ្ដាលឲ្យដួលរងរបួសស្រាលផងដែរ ។ បន្ទាប់ពីកើតហេតុយុវសិស្សរងគ្រោះងើបដើរសំដៅទៅរថយន្តបង្កនោះដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែស្ត្រីរូបនោះ មិនព្រមចុះដោះស្រាយបែរជាអង្គុយនៅក្នុងរថយន្តធ្វើមិនដឹង ។ ភ្លាមនោះសិស្សានុសិស្សដែលបានឃើញហេតុការណ៍នោះ បាននាំគ្នាមកចោមរោមនិងព័ទ្ធរថយន្តបង្កដើម្បីសុំឱ្យស្ត្រីរូបនោះចុះមកដោះស្រាយគ្នាទើបបង្កឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងៗ ដោយសារតែស្ត្រីរូបនោះមិនព្រមចុះដោះស្រាយ ជាមួយនឹងជនរងគ្រោះ ព្រមទាំងនិយាយយកតែឈ្មោះថ្នាក់ដឹកនាំប្រទេស និងមន្ត្រីធំៗមួយចំនួនមកគម្រាម ធ្វើឱ្យក្រុមសិស្សានុសិស្សទាំងអស់នោះមានកំហឹងយ៉ាងខ្លាំង ។
ក្រោយពេលកើតហេតុ គេឃើញនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្ត្រីវ័យចំណាស់រូបនោះនៅតែមិនចុះពីលើរថយន្តមកនិយាយជាមួយសមត្ថកិច្ចនោះទេ ដោយគ្រាន់តែបើកកញ្ចក់និយាយថា សុខចិត្តយកម៉ូតូរបស់ជនរងគ្រោះទៅជួសជុលឲ្យ ទើបបញ្ចប់រឿងគ្រោះថ្នាក់ចរាចរនេះ ចំណែកឯសិស្សានុសិស្សទាំងអស់បំបែកគ្នាវិញដោយទុកឲ្យសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នាផងដែរ ៕
...
ដោយ៖ ស ដារ៉ា