ខេត្តកែប៖ លោក សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា អមដំណើរដោយ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះបេី តាមការបញ្ជាក់ពី រដ្ឋបាល ខេត្ត កែប នៅព្រឹកថ្ងៃពុធទី ២៨ ខែកក្កដា ឆ្នាំ ២០២១។
នាឱកាសនោះ លោក សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រួយបារម្ភ និងចូលរួមសោកស្ដាយពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែង យកចិត្តទុកដាក់ពីសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅដោយ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេសបងប្អូនដែលកំពុងរងគ្រោះដោយ គ្រោះធម្មជាតិ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនឱ្យចៀសផុតពីជំងឺកូវីដ-១៩ និងកូវីដបំលែងថ្មី ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣កុំ ៣ការពារ និង ២ ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ -១៩ ។
ក្នុង អំណោយ នោះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១ កេស, ទឹកបរិសុទ្ធវីតាល់ ១កេស។ រីឯថវិកាទទួលបាន ៖
១. គ្រួសាររងគ្រោះស្រាលចំនួន ៖ ០៩ គ្រួសារទទួលបាន ៦ម៉ឺនរៀល ក្នុង១គ្រួសារៗ។
២. គ្រួសាររងគ្រោះមធ្យមចំនួន ៖ ០៤ គ្រួសារទទួលបាន ៨ម៉ឺនរៀល ក្នុង១គ្រួសារៗ។
៣. គ្រួសាររងគ្រោះធ្ងន់ ចំនួន ៖ ០៣ គ្រួសារទទួលបាន ២០ម៉ឺនរៀល ក្នុង១គ្រួសារៗ៕
ដោយ ៖សហការី