ធ្វើរោងការបិទផ្លូវទៅកាន់មន្ទីរពេទ្យ អត់សុំច្បាប់អាជ្ញាធរមូលដ្ឋានធ្វើអីកយ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រោងការដ៏ធំមួយត្រូវបានគេសង់ផ្ចិតនៅតាមបណ្តោយផ្លូវបេតុងមួយដែលជាផ្លូវសំខាន់សម្រាប់ដឹកអ្នកជម្ងឺចេញចូលទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដោយម្ចាស់មង្គលការមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរភូមិសង្កាត់នោះទេ។

ការសាងសង់រោងការបិទផ្លូវធ្វើឲ្យមានការពិបាកក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋពិសេសអ្នកមានជំងឺត្រូវទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅបណ្តោយផ្លូវបេតុងទល់មុខផ្លូវដីពុះផ្ទះល្វែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋរស់នៅភូមិមិត្តភាពបានឲ្យដឹងថា ម្ចាស់រោងមង្គលការខាងលើនេះមានឈ្មោះ ចែ អ៊ួក ភេទស្រី អាយុ៤៥ឆ្នាំ ជាម្តាយខាងកូនក្រមុំ។

អ្នកធ្វើដំណើរឆ្លងការផ្លូវនេះបានសម្តែងនូវការមិនសប្បាយចិត្តព្រោះតែម្ចាស់ពិធីបានសាងសង់រោងបិទផ្ចិតផ្លូវមិនអាចធ្វើចរាចរណ៍បានពិសេសប្រជាពលរដ្ឋដែលមានបងប្អូនត្រូវបញ្ជូនទៅព្យាបាលជំងឺ ហើយបង្ខំចិត្តបើកផ្លូវវាង។

ទាក់ទិននឹងការសាងសង់រោងការបិទផ្លូវហើយនាំឲ្យមានប្រតិកម្មពីប្រជាពលរដ្ឋ និងអ្នកដំណើរនេះលោក សន មុន្នី មេភូមិមិត្តភាពបានឲ្យដឹងថា ម្ចាស់រោងការពេលសាងសង់រោងការនេះមិនបានប្រាប់ឲ្យលោកដឹងនោះទេ ហើយនៅពេលដែលគាត់(មេភូមិ) ទៅសួរនាំនិងឲ្យរុះរើរោងសង់អែបផ្លូវម្ចាស់រោងការនេះប្រាប់ថា មុននឹងគេសង់រោងនេះគឺបានសុំការអនុញ្ញាតពីនាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតរួចហើយ ហើយលោកអនុញ្ញាតឲ្យសាងសង់ទៀតផង។

ចំណែកលោក អាំង កៀវហេង ចៅសង្កាត់ក្រុងប៉ោយប៉ែតក៏បានប្រាប់ឲ្យដឹងដែរថា ការសាងសង់រោងការខាងលើនេះម្ចាស់កម្មវិធីមិនបានសុំអនុញ្ញាតពីអាជ្ញាធរសង្កាត់នោះទេ។ ករណីនេះលោកបានប្រាប់ឲ្យមេភូមិនិងសមត្ថកិច្ចមូលដ្ឋានចុះទៅឲ្យម្ចាស់រោងការរុះរោងដើម្បីសាងសងថ្មីជៀសវាងប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ដោយឡែកលោក សៅ សារឿន នាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតមិនអាចសុំការបំភ្លឺតាមទូរស័ព្ទបានទេពាក់ព័ន្ធការអះអាងរបស់ម្ចាស់រោងការដែលថា លោកបានអនុញ្ញាតឲ្យសាងសង់រោងការពេញបិទផ្លូវបេតុងមួយនេះ។

បើតាមប្រភពនៅកន្លែងពីធីមង្គលការបានឲ្យដឹងថា គេបានឃើញអាជ្ញាធរភូមិ និងសមត្ថកិច្ចមូលដ្ឋានភូមិចុះទៅប្រាប់ម្ចាស់រោងការឲ្យរុះរើរោងការដើម្បីសាងសង់ថ្មីជៀសវាងកុំឲ្យប៉ះពាល់ការធ្វើចរាចរណ៍ ប៉ុន្តែម្ចាស់ពិធីមង្គលការនេះមិនបានអនុវត្តតាមនោះទេ គ្រាន់តែលើករំកិលរោងបន្តិចប៉ុណ្ណោះ ដោយការធ្វើចរាចរណ៍ពិសេសអ្នកជិះរថយន្តនៅតែបើកផ្លូវវាងដដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានអាជ្ញាធរមូលដ្ឋានខ្លះបានចេញសេចក្តីជូនដំណឹងប្រាប់ដល់ប្រជាពលរដ្ឋដោយមិនអនុញ្ញាតច្បាប់សុំសាងសង់រោងការនៅមុខផ្ទះលើផ្លូវដែលប្រជាពលរដ្ឋធ្វើចរាចរណ៍ទៀតទេ។ ជាក់ស្តែងនៅខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញមិនអនុញ្ញាតច្បាប់ឲ្យប្រជាពលរដ្ឋសាងសង់រោងការ រោងបុណ្យ ឬរោងកម្មវិធីផ្សេងៗនៅលើផ្លូវដែលនាំឲ្យប៉ះពាល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទៀតទេ។ ការមិនអនុញ្ញាតឲ្យមានការសាងសង់រោងរបស់អាជ្ញាធរដែនដីនេះត្រូវបានប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ និងចង់ឲ្យបងប្អូនប្រជាពលរដ្ឋដែលមានរវល់កម្មវិធីផ្សេងៗ គួរតែរកកន្លែងសាងសង់រោងពិធីកុំឲ្យប៉ះពាល់ដល់ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយបើយកល្អគួរជួលហាង មិនគួរមានកម្មវិធីមង្គលសេរីសួរស្តីត្រូវបានគេជេរ ព្រោះតែពិធីរបស់ខ្លួនរំខានដល់អ្នកដទៃ៕

20160323_104620

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print