ភ្នំពេញ ៖ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌទួលគោក នៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចុះធ្វេីការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចញ្ចេីមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងសកម្មភាពចុះអនុវត្តន៍សេចក្ដីសម្រេចខាងលេី គេសង្កេតឃេីញថា មានបងប្អូនប្រជាពលរដ្ឋភាគីច្រេីនអនុវត្តន៍តាមបានយ៉ាងល្អប្រសេីរ និងមួយចំនួនតូចមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ទេីបមានការរឹបអូសយកសម្ភារៈទៅរក្សាទុកផងដែរ ។
គួរបញ្ចាក់ថា ការអនុវត្តន៍វិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញនៅយប់នេះត្រូវអនុវត្តពីម៉ោង១១៖៥៩នាទី ដល់ម៉ោង៣ទៀបភ្លឺ ហើយចាប់ពីយប់ស្អែកទី៣០ នឹងអនុវត្តចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៣ទៀបភ្លឺ ៕
ដោយ ៖ ភារ៉ា ដង្កោ