ការប្រកួតបាល់ទាត់ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមម្ចាស់ផ្ទះជប៉ុននឹងត្រូវតទល់ជាមួយក្រុមខ្លាំងស៊ុយអែតនៅវេលាម៉ោង៥ល្ងាចនេះ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។
យោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិកបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីជប៉ុននឹងត្រូវប៉ះក្រុមនារីស៊ុយអែតនៅវេលាម៉ោង៧ល្ងាចម៉ោងនៅកម្ពុជា។ ក្រុមនារីជប៉ុនមុននឹងឡើងមកកាន់វគ្គ៨ក្រុម បានឆ្លងកាត់ការប្រកួតវគ្គជម្រុះតាមពូល៣ប្រកួត ដោយឈ្នះ១ ស្មើ១ និងចាញ់មួយ ប្រកួតវគ្គជម្រុះតាមពូលចុងក្រោយបានបំបាក់ក្រុមខ្លាំងឈីលីក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមលេខ៣ល្អ ក្នុងពូលបានឡើងវគ្គ៨ក្រុមបន្តទៀត។
ចំណែកក្រុមនារីស៊ុយអែតធ្វើបានល្អ ដោយការប្រកួតក្នុងវគ្គជម្រុះតាមពូលមិនដែលស្គាល់រសជាតិចាញ់នោះទេក្នុង៣ប្រកួតគឺឈ្នះទាំង៣ប្រកួត។ ការប្រកួតវគ្គជម្រុះតាមពូលដំបូងបានយកឈ្នះក្រុមនារីអាមេរិក៣ទល់០, ប្រកួតទី២បន្តឈ្នះអូស្ត្រាលី៤ទល់២ និងប្រកួតវគ្គជម្រុះតាមពូលចុងក្រោយឈ្នះណូវែលហ្សេឡង់២ទល់០។
ការជួបគ្នា៧ប្រកួតចុងក្រោយរបស់ក្រុមនារីជប៉ុន និងក្រុមនារីស៊ុយអែតគឺជប៉ុនឈ្នះ៥ដង, ស៊ុយអែតឈ្នះ១ដង និងស្មើគ្នា១ដង។ ប៉ះគ្នាចុងក្រោយក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិក្រុមនារីស៊ុយអែតបានយកឈ្នះក្រុមនារីជប៉ុនក្នុងលទ្ធផល៣ទល់០។
ក្រៅពីក្រុមទាំង២ខាងលើនេះ ការប្រកួតវគ្គ៨ក្រុមក៏នឹងប្រកួតនៅថ្ងៃសុក្រនេះជាមួយគ្នាដែរ ដោយក្រុមបើកឆាកដំបូងគឺក្រុមនារីកាណាដាប៉ះជាមួយក្រុមនារីប្រេស៊ីល វេលាម៉ោង៣រសៀល, ក្រុមនារីអង់គ្លេសប៉ះក្រុមនារីអូស្ត្រាលីវេលាម៉ោង៤រសៀល និងក្រុមនារីហុល្លង់ប៉ះក្រុមនារីសហរដ្ឋអាមេរិកវេលាម៉ោង៦ល្ងាចម៉ោងនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រោយពីការប្រកួតវគ្គ៨ក្រុមនេះចប់ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២ ខែសីហាខាងមុខ ខណៈដែលការប្រកួតយកចំណាត់ថ្នាក់លេខ៣នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា។ ចំណែកការប្រកួតយកជើងឯក ឬមេដាយមាសក្នុងការប្រកួតបាល់ទាត់ផ្នែកនារីនេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែសីហាវេលាម៉ោង៩យប់ ៕ (រូបភាព ៖ Olympics.com) ដោយ៖ភារៈ