ភ្នំពេញ, ស្ថានទូតជប៉ុនប្រចាំកម្ពុជា មុននេះបន្តិច ! នាវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការថា, ក្រុមកីឡាករហែលទឹកជម្រើសជាតិសម្រាប់ការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានទទួលផ្ទាំងសារជូនពរពីខេត្តតុគឹស៊ីម៉ាដែលជាខេត្តម្ចាស់ផ្ទះរបស់កីឡាករកម្ពុជា។
ទោះបីជាជំរុំហ្វឹកហាត់មុនការប្រកួតរបស់ក្រុមក្នុងខេត្តតុគឹស៊ីម៉ាត្រូវបានលុបចោល ដោយសារតែការរីករាលដាលនៃកូវីដ១៩ក៏ពិតមែន ប៉ុន្តែយើងខ្ញុំនៅតែមានក្តីសោមនស្សណាស់ដែលបានឃើញខេត្តតុគឹស៊ីម៉ា បន្តគាំទ្រក្រុមកីឡាករកម្ពុជា និងសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងតុគឹស៊ីម៉ា នឹងបន្តកាន់តែស៊ីជម្រៅតាមរយៈការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០!! ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏គាំទ្រកីឡាកម្ពុជា ដោយលើកឡើងថា, តោះគាំទ្រអត្តពលិកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ ពីផ្ទះ និងគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ តាមពេលវេលាដូចខាងក្រោម។
សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា, សូមបងប្អូនទាំងអស់គ្នា រង់ចាំទស្សនា និង គាំទ្រអត្តពលិកកម្ពុជាក្នុងការប្រកួតកីឡាអូឡាំពិក Tokyo 2020 តាមពេលវេលាដូចខាងក្រោម៖
-ថ្ងៃទី៣០ កក្កដា ម៉ោង ០៧:០០ ល្ងាច (ម៉ោង០៥:០០ ល្ងាចនៅកម្ពុជា) កីឡាហែលទឹក០២រូបគឺ កីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត វិញ្ញាសារ ១០០ម សេរី
-ថ្ងៃទី៣១ ខែកក្កដា ម៉ោង ១១:០០ ព្រឹក (ម៉ោង០៩:០០ នៅកម្ពុជា) កីឡារត់ប្រណាំង០១រូប កីឡាករ ប៉ែន សុគង់ វិញ្ញាសារអត្តពលកម្ម ១០០ម ល្បឿន
ស្ថានទូតជប៉ុនប្រចាំកម្ពុជា, សូមជូនពរអត្តពលិកកម្ពុជាទទួលបានជោគជ័យ៕
ដោយ, សិលា