ភ្នំពេញ, សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល លេខ ៨៣ សសរ ស្តីពីការបង្កើតក្រុមការងារសិក្សា និង ស្រាវជ្រាវ រកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ,
សម្រេច ,
ប្រការ១… បង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំណុះឱ្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាព ដូចតទៅ៖
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យ ជាប្រធាន និងមានអនុប្រធាន៤រូប , សមាជិក ៩រូប។
ប្រការ២…ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ច ដូចតទៅ៖
– ស្រាវជ្រាវ និងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការ ព្យាបាល ឬបង្ការជំងឺកូវីដ-១៩
– សិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ដែលមានប្រសិទ្ធភាព, ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតំលៃទាបសមរម្យ
– សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩
– ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្តាញចែកចាយឱសថបរទេស ឬ អង្គការ ឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថ ដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាល ឬការបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ
– ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិត ឬបណ្តាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ-១៩ និងបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩. ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្ត ឬបរិក្ខារទាំងនោះ
– សិក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ សម្រាប់បម្រើឱ្យការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩
– ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩
– ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩
– ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការនាំចូលឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩, និងឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺ កូវីដ-១៩
– ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឱ្យបានទូលំទូលាយនូវឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩ ឬឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ នៅតាមឱសថស្ថាននានា ឬទីកន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេស
– ចងក្រងរបាយការណ៍សិក្សា វិភាគ ស្រាវជ្រាវ និងផ្តល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់ បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
– អនុវត្តការងារពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់ ដើម្បីបម្រើឱ្យការបង្ការ ការព្យាបាល ឬការប្រយុទ្ធ នឹងជំងឺកូដ-១៩
– អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩។
ប្រការពា…រាល់ចំណាយពាក់ព័ន្ធនឹងការសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។
ប្រការ៤ …អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធានក្រុមការងារ។ ក្នុងករណីប្រធាន អវត្តមាន ឬមានធុរៈ អនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបាន។
ក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញ, អ្នកឯកទេស ឬផ្នែកឯកជន ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់។
ប្រការ៥ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៦ …រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សុខ ខេមរា