អភិបាលខេត្តព្រះសីហនុ៖ ជួបសំណេះសំណាលជាមួយសប្បុរសជនមកពីតាមបណ្តាក្រុង-ស្រុក ដែលចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានអញ្ជើញសំណេះសំណាល ជាមួយសប្បុរសជនមកពីតាមបណ្តាក្រុង-ស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី ជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សតនានា ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមផ្តល់ទីតាំង ស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យរបស់យើង មានដូចជា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងទ័ព ដែលបានមកជួយចាក់វ៉ាក់សាំងជូនកងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក។

ផ្តើមចេញពីការចូលរួមនេះ គឺជាចំណែកមួយ ដែលបានបំពេញបន្ថែមឱ្យដំណើរការនៃការចាក់វ៉ាក់សាំងរបស់យើង ទទួលបានជោគជ័យ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកខាងមុខនេះ រដ្ឋបាលខេត្ត នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដោយធ្វើឡើងព្រមៗគ្នានៅទូទាំងខេត្តព្រះសីហនុ។ យុទ្ធនាការនេះ នឹងធ្វើឱ្យយើងមានរបាំងប្រយុទ្ធប្រឆាំងកាន់តែច្រើនឡើង តែក្នុងនោះក៏យើងមិនភ្លេចអនុវត្ត គោលការណ៍ ៣.ការពារ ៣.កុំ និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលឱ្យបានពេញលេញ ថែមទៀតទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩បាន។ រាជរដ្ឋាភិបាលយើងក្រ ក៏ប៉ុន្តែទឹកចិត្តមុតមាំជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត បានលើកឡើងបន្ថែមថា លោកចងចាំជានិច្ចនូវទឹកចិត្ត និងការចូលរួមរបស់បងប្អូន ដើម្បីគាំទ្រដំណើរការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ក៏ដូចជាការចូលរួមជាមួយ រាជរដ្ឋាភិបាលរបស់យើង និងសង្ឃឹមជឿជាក់ថាបងប្អូននឹងបន្តចូលរួមគាំទ្រដោយផ្ទាល់ និងអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ឱ្យបានជោគជ័យលើការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ និងជូនពរអស់លោក លោកស្រី ឈ្នះលើជំងឺឆ្លងនេះគ្រប់ៗគ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print